លោក Carl Rookie O. Daquio មន្ត្រីជាន់ខ្ពស់ផ្នែកការងារ និងមុខងារសាធារណៈ តំណាងលេខាធិការដ្ឋានអាស៊ាន

លោក Carl Rookie O. Daquio គឺជាមន្ត្រីជាន់ខ្ពស់មួយរូបនៅផ្នែកការងារ និងសេវាសាធារណៈ នៃលេខាធិការដ្ឋានអាស៊ាន។ លោកទទួលបន្ទុកសម្របសម្រួលសកម្មភាពប្រតិបត្តិការរបស់ផ្នែកនេះ ក្នុងវិស័យការងារ និងពលករចំណាកស្រុក ដោយផ្តល់នូវធាតុចូលផ្នែកគោលនយោបាយ និងបច្ចេកទេស ការផ្តល់អនុសាសន៍ និងការគាំទ្រផ្នែកយុទ្ធសាស្ត្រ សម្រាប់ការតាក់តែង ការអនុវត្ត ការតាមដាន និងការវាយតម្លៃកម្មវិធី និងគម្រោងនានាក្នុងតំបន់។ ការងាររបស់លោកបានរួមចំណែកជំរុញរបៀបវារៈស្តីពីការងារ និងការធ្វើចំណាកស្រុករបស់អាស៊ាន ដើម្បីគាំទ្រដល់ «ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០៤៥» និង «ផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន»។ តាមរយៈការធ្វើការងារជាមួយរដ្ឋសមាជិកអាស៊ាន ស្ថាប័នតាមវិស័យនានា និងដៃគូអភិវឌ្ឍន៍ លោកបានចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកិច្ចសន្ទនាគោលនយោបាយ ដែលមានគោលបំណងលើកកម្ពស់ទីផ្សារការងារប្រកបដោយបរិយាបន្ន ភាពធន់ និងនិរន្តរភាព នៅទូទាំងតំបន់អាស៊ាន។