សន្និសីទថ្នាក់ជាតិស្ដីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤
ក្រោមប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពី ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច»
ទីតាំង៖ សណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា កាលបរិច្ឆេទ៖ ១១ – ១២ ធ្នូ ២០២៤
១. សាវតារ
ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ឆ្នាំ២០២៤-២០២៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំសន្និសីទសេដ្ឋកិច្ចការងារប្រចាំឆ្នាំ ដែលសន្និសីទនេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយ ដើម្បីជជែក ពិភាក្សាអំពីនិន្នាការក្នុងតំបន់ ក៏ដូចជាកម្ពុជា ព្រមទាំងបញ្ហាប្រឈម និងដំណោះស្រាយនានា ដើម្បីធ្វើឱ្យទីផ្សារការងារកម្ពុជា កាន់តែមានភាពប្រសើរឡើង ស្របតាមបរិបទនៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច។ សម្រាប់ ឆ្នាំ២០២៤នេះ សន្និសីទសេដ្ឋកិច្ចការងារ
នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» ដែលនឹងមានការចូលរួមពីអ្នកជំនាញ អ្នកតាក់តែងគោលនយោបាយ តំណាងវិស័យឯកជន សហជីព និងអ្នកសិក្សាស្រាវជ្រាវក្នុងតំបន់ ដើម្បីស្វែងយល់ពីនិន្នាការទីផ្សារការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងតំបន់ ក៏ដូចជាកម្ពុជា ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមសំខាន់ៗ ដើម្បីអាចដាក់ចេញនូវជម្រើសគោលនយោបាយសម្រាប់ដោះស្រាយ និងបង្ហាញពីឱកាសដែលកំពុងកើតមាននៅក្នុងទីផ្សារការងារ ខណៈពេលដែលកម្ពុជាត្រៀមខ្លួនក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។
ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជានឹងជួបប្រទះទាំងបញ្ហាប្រឈម និងឱកាសដែលចាំបាច់តម្រូវឱ្យមានការប្រុងប្រយ័ត្ន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ ការពង្រឹងគោលនយោបាយមុខរបរ ឱ្យស្របគ្នាទៅនឹងតម្រូវការទីផ្សារការងារ និងការវិវត្តនៃសេដ្ឋកិច្ច ជាការចាំបាច់សម្រាប់ការបង្កើត និងបង្កើនឱកាសការងារ ដែលមានគុណភាព ដើម្បីជួយគាំទ្រទាំងកម្មករនិយោជិត ក៏ដូចជាអាជីវកម្មរបស់និយោជក។ ដូចគ្នានេះដែរ ការវិនិយោគបន្ថែមលើការអភិវឌ្ឍជំនាញ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងកម្លាំងពលកម្ម ដែលអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃតម្រូវការឧស្សាហកម្ម ក៏ដូចជាភាពធន់នៃសេដ្ឋកិច្ច។ ជាពិសេស ការពង្រីកកម្មវិធីអភិវឌ្ឍន៍ជំនាញ សម្រាប់យុវជន ស្រ្តី និងក្រុមជនងាយរងគ្រោះ នឹងជួយធានាថា កម្លាំងពលកម្មកម្ពុជា មានជំនាញ សមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ សម្រាប់បម្រើការងារក្នុងសកម្មភាពសេដ្ឋកិច្ចដែលមានស្រាប់ និងសកម្មភាពសេដ្ឋកិច្ចថ្មីៗមួយចំនួនទៀត ដែលបាននិងកំពុងលេចឡើង។ បន្ថែមលើនេះ ប្រព័ន្ធគាំពារសង្គម ដែលរឹងមាំ និងការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម ដើរតួនាទីសំខាន់ក្នុងការផ្តល់ជូនកម្មករនិយោជិត និងគ្រួសារនូវសំណាញ់សុវត្ថិភាព ធានាស្ថិរភាពប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះ។ ប្រព័ន្ធគាំពារសង្គម ដែលគ្រប់ជ្រុងជ្រោយ ទាំងផ្នែកគ្រោះថ្នាក់ការងារ ថែទាំសុខភាព និកម្មភាព និងប្រាក់សោធន ពិតជាមានសារសំខាន់ក្នុងការកាត់បន្ថយបញ្ហាប្រឈមនានា ដែលកម្មករនិយោជិតជួបប្រទះ ស្របពេលនៃការផ្លាស់ប្តូរ នៃរចនាសម្ព័ន្ធផ្នែកសេដ្ឋកិច្ច ក៏ដូចជាចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។ បន្ថែមលើនេះ របបសន្តិសុខសង្គម គឺជាធាតុសំខាន់មួយ នៃស្ថាប័នទីផ្សារការងារ ដែលរួមចំណែករក្សាស្ថិរភាពសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សន្តិសុខប្រាក់ចំណូល បង្កើនភាពធន់ និងលើកកម្ពស់ភាពបទបែនក្នុងទីផ្សារការងារ។
២. គោលបំណង
សន្និសីទនេះមានគោលបំណងក្នុងការជម្រុញកិច្ចសហការ ការផ្លាស់ប្តូរចំណេះដឹង និងនវានុវត្តន៍
ការស្វែងយល់ពីបញ្ហាប្រឈម និងឱកាសក្នុងការធ្វើឱ្យប្រសើរឡើងនៃទីផ្សារការងារ តាមរយៈកិច្ចពិភាក្សា និងការចែករំលែកចំណេះដឹង។ ក្នុងសន្និសីទនេះ អ្នកចូលរួមនឹងទទួលបាននូវចំណេះដឹងថ្មីៗ ក៏ដូចជាផ្តល់ធាតុចូលបន្ថែមដល់អ្នកតាក់តែងគោលនយោបាយ ដើម្បីដាក់ចេញនូវអន្តរាគមន៍នានាសម្រាប់ទីផ្សារការងារនៅកម្ពុជា ពង្រឹងគោលនយោបាយមុខរបរ ដែលគិតគូរបន្ថែមលើការអភិវឌ្ឍជំនាញ និងប្រព័ន្ធគាំពារសង្គម ដើម្បីកម្ពុជាឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនាពេលដ៏ខ្លីខាងមុខ។ គោលបំណងសំខាន់ៗទាំងនោះ ដូចខាងក្រោម៖
១. ប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកពីស្ថាប័នផ្សេងគ្នា ដើម្បីចែករំលែកនូវនិន្នាការថ្មីៗ ផ្តល់មតិយោបល់ ដើម្បីធ្វើឱ្យទីផ្សារការងារនៅកម្ពុជាកាន់តែប្រសើរឡើង ព្រមទាំងបង្ហាញពីផលជះពីការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។
២. ចែករំលែកការយល់ដឹង និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីតំណាងវិស័យឯកជន អ្នកតាក់តែងគោលនយោបាយ បញ្ញវន្ត និងអ្នកសិក្សាស្រាវជ្រាវផ្សេងទៀត។
៣. ជំរុញការពិភាក្សា និងផ្តល់ធាតុចូលជាយុទ្ធសាស្រ្ត ដើម្បីធានាថាកម្លាំងពលកម្មកម្ពុជា ត្រូវបានបំពេញតាមតម្រូវការនៃយុគសម័យឌីជីថល និងបរិការណ៍នៃការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច និងសង្គម។
៤. ជំរុញភាពជាដៃគូ និងនវានុវត្តន៍ ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារ។
៣. សមាសភាពចូលរូម
សមាសភាពដែលនឹងត្រូវអញ្ជើញចូលរួមសន្និសីទនេះមានចំនួនប្រមាណជា ៣០០នាក់ ដែលមកពី៖
- តំណាងរាជរដ្ឋាភិបាល និងអ្នកតាក់តែងគោលនយោបាយ
- តំណាងភាគីនិយោជក
- តំណាងភាគីកម្មករនិយោជិត
- បញ្ញវន្ត និងអ្នកសិក្សាស្រាវជ្រាវ
- អង្គការជាតិ និងអន្តរជាតិ
៤. ខ្លឹមសារ និងប្រធានបទសំខាន់ៗ
១. បម្រែបម្រួលនៃទីផ្សារការងារ និងគោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន
២. ផែនទីបង្ហាញផ្លូវស្តីពីយុទ្ធសាស្ត្រនៃការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ការត្រៀមខ្លួនក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
៣. តួនាទីនៃគោលនយោបាយទីផ្សារការងារសកម្មក្នុងការលើកកម្ពស់សមិទ្ធផលទីផ្សារការងារ
៤. ការអភិវឌ្ឍជំនាញសម្រាប់កសាងកម្លាំងពលកម្មប្រកបដោយភាពប្រកួតប្រជែងនៅកម្ពុជា
៥. ការពង្រឹងប្រព័ន្ធសន្តិសុខសង្គម ដើម្បីលើកកម្ពស់ភាពធន់ នៃទីផ្សារការងារ និងជំរុញការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
កម្មវិធីបើកសន្និសីទថ្នាក់ជាតិស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពី ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច»
- សុន្ទរកថាឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៤

- ចំណាប់អារម្មណ៍ លោកស្រី LISSAR CHAKER តំណាងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)

- ចំណាប់អារម្មណ៍ លោក Oktavianto Pasaribu នាយករងនៃក្រុមគាំទ្របច្ចេកទេស សម្រាប់ការងារសមរម្យ នៃអង្គការអន្តរជាតិខាងការងារ (ILO)

- បម្រែបម្រួលកម្លាំងពលកម្ម និងបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន

- គោលនយោបាយសេដ្ឋកិច្ចសម្រាប់កំណើនការងារ ប្រកបដោយបរិយាបន្ននៅក្នុងតំបន់អាស៊ាន

- ផលជះនៃការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច លើជំនាញ និងផលិតភាព

- ផលប៉ះពាល់ នៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច លើសង្គម សេដ្ឋកិច្ច៖ មាគ៌ាសម្រាប់ការអភិវឌ្ឍមូលធនមនុស្ស

- ការរៀបចំស្ថាប័នទីផ្សារការងារនៅកម្ពុជា

- គោលនយោបាយទីផ្សារការងារសកម្មក្នុងការជួយគាំទ្រការបង្កើតការងារនិងភាពមានការងារធ្វើ

- បម្រែបម្រួលទីផ្សារការងារនៅកម្ពុជា៖ តម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម

- ការបន្ស៊ីប្រព័ន្ធជំនាញ សម្រាប់អន្តរកាលប្រកបដោយបរិយាបន្ន និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

- ការអភិវឌ្ឍថ្មីៗ និងយុទ្ធសាស្ត្រក្នុងការពង្រីករបបសន្តិសុខសង្គមឆ្ពោះទៅ ការដាក់ឱ្យអនុវត្តរបបនិកម្មភាព

- ការជំរុញការចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងការពង្រីកវិសាលភាពរបប សន្តិសុខសង្គម ដើម្បីឈានទៅសម្រេចបានការងារសមរម្យ នៅកម្ពុជា

ឯកឧត្តម គួច សុមាន បូកសរុបលទ្ធផលសន្និសីទ និងសុន្ទរកថាបិទដោយ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
