
(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សាសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ លើកទី២ ក្រោមប្រធានបទ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់» នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានជំរុញឱ្យវិស័យឯកជនបន្តពង្រឹង និងលើកទឹកចិត្ដចូលរួមការអភិវឌ្ឍជំនាញដល់មូលធនមនុស្ស តាមរយៈការគាំទ្ររបស់ SDF រួមមាន ការគាំទ្របច្ចេកទេសក្នុងការរៀបចំសំណើគម្រោងបណ្តុះបណ្តាល និងការគាំទ្រថវិកាបដិភាគ សម្រាប់ការអភិវឌ្ឍជំនាញ ដើម្បីចូលរួមកាត់បន្ថយគម្លាតជំនាញរវាងតម្រូវការទីផ្សារការងារ និងសមត្ថភាពកម្លាំងពលកម្មបច្ចុប្បន្ន ជាពិសេសបន្ដលើកកម្ពស់គុណភាពការងារ ឆ្លើយតបទៅនឹងការផ្លាស់ប្ដូរសេដ្ឋកិច្ច និងរួមចំណែកជំរុញការប្រកួតប្រជែងសេដ្ឋកិច្ច ព្រមទាំង បង្កើត និងបង្កើនការងារប្រកបដោយជំនាញ និងទទួលបានប្រាក់ខែខ្ពស់ជាងមុន។
ថ្លែងនៅក្នុងសន្និសីទដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធ លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា SDF បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន, គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញ និងភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ដើម្បីអភិវឌ្ឍរួមគ្នា និងវិនិយោគរួមគ្នាលើកម្មវិធីបណ្ដុះបណ្ដាលជំនាញមុនបម្រើការងារ (pre-employment), បង្កើនជំនាញ (upskilling) និងផ្លាស់ប្ដូរជំនាញ (reskilling) ដែលត្រូវនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ទាំងគុណភាព និងបរិមាណ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ SDF បានផ្ដល់ថវិកាបដិភាគដល់រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្ដុះបណ្ដាល និងសមាគមធុរកិច្ច ដើម្បីអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញដែលមានថ្លៃបណ្ដុះបណ្ដាលសរុបប្រមាណ ៣៩.៩០ លានដុល្លារ ក្នុងនោះថវិកាបដិភាគ SDF ចំនួន ២០.៤១ លានដុល្លារ ឬ ៥១% ស្ថិតក្នុងវិស័យអាទិភាព ដែលមានតម្រូវការខ្ពស់ពីវិស័យឯកជន និងបានបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមសរុបចំនួន ៥០ ០០៨ នាក់ (ស្ត្រី = ៣៩%)៕
















