(Video) Minister of Labour: The Future of Work in Cambodia – Based on Skills, Occupations, Jobs, and Social Protection

ទៅកាន់ប្រភពព័ត៌មាន

ភ្នំពេញ៖ សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៥ ជាលើក​ទី២បានប្រារព្ធឡើង​ក្រោមប្រធានបទ «ការរៀបចំអនាគត​ការងារ​នៅ​កម្ពុជា៖ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើត​ទីផ្សារការងារដែលមានភាពធន់» កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៥ រៀបចំដោយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការ​ជាមួយដៃគូ​ពាក់ព័ន្ធ។ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថាសន្និសីទនេះ ជា​ឱកាសសម្រាប់​ជំរុញកិច្ចសហការ និងការផ្លាស់ប្តូរចំណេះដឹង សំដៅតម្រង់ទិស​ទស្សន​វិស័យការងារឱ្យមានសង្គតិភាព ទៅនឹង​ការវិវត្តសេដ្ឋកិច្ច​សង្គម។

សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចជាលើកទី២ឆ្នាំ២០២៥គោលបំណងចម្បងចំនួន៤ ។​ គឺ១.ដើម្បីជំរុញដំណោះស្រាយ​ទីផ្សារ​ការងារ​ប្រកប​ដោយបរិយាបន្ន និងចីរភាព ដោយបង្កើតឱ្យមានកិច្ចសន្ទនាផ្អែក​លើភស្តុតាង, ២.កំណត់ជម្រើស​គោលនយោបាយ និងយុទ្ធសាស្ត្រ​ដើម្បីពន្លឿនការអភិវឌ្ឍជំនាញ សម្រាប់និន្នាការសេដ្ឋកិច្ចថ្មី,៣.កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រ​ដើម្បីពង្រឹង​ប្រព័ន្ធ​សន្តិសុខសង្គម និងទី៤.ពង្រឹងភាពជាដៃគូពហុភាគី ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ។

ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការងារក៏បានបញ្ជាក់ថា ក្រសួងបាននិង​កំពុងអនុវត្តវិធានការជាយុទ្ធសាស្ត្រដើម្បីធ្វើទំនើបកម្ម​ទីផ្សារ​ការងារដូចជា កំណែទម្រង់ TVET និង RPL ដែលជំរុញឱ្យ TVET ផ្តោតលើជំនាញសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ ។

មានប្រសាសន៍ក្នុងពិធីបើកសន្និសីទនេះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា សន្និសីទ​នេះបាន​ដើរតួនាទី​យ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការរៀបចំ និងការបន្ស៊ី​គោលនយោបាយជាតិ ព្រមទាំងបង្កើនសហថាមពល (Synergy) នៃការអនុវត្តនៅក្នុង “ជវភាពនៃប្រព័ន្ធតួអង្គតែមួយនៃ​ទីផ្សារ​ការងារ”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យផ្តោតសំខាន់លើការបង្កើត សហថាមពល (Synergy) និងបញ្ចូលទស្សនវិស័យ ការប្រមើ​មើលអនាគត (Foresight) ទៅក្នុងសសរស្តម្ភ​ជាតិសំខាន់ៗដូចជា មុខរបរ និងការងារ, ការអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ (TVET), ទេសន្តរប្រវេសន៍ការងារ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវបន្តខិតខំផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ការងារឆ្ពោះទៅការ​ពឹងផ្អែកលើពលករជំនាញមធ្យម និងខ្ពស់ ដើម្បីពង្រឹងភាព​ប្រកួតប្រជែង និងធ្វើពិពិធកម្ម​សេដ្ឋកិច្ច ដែលជាកត្តាចាំបាច់​សម្រាប់ការកសាងភាពធន់នៃទីផ្សារការងារ ពិសេសត្រៀម​លក្ខណៈសម្រាប់ការ​បញ្ចប់ឋានៈ​ជាប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅឆ្នាំ ២០២៩។

សូមបញ្ជាក់ថា សន្និសីទថ្នាក់ជាតិនេះមានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងស្ថានទូតនានា និងអគ្គ​លេខា​ធិការដ្ឋានអាស៊ាន, តំណាងអង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍, តំណាងនិយោជក និងកម្មករនិយោជិត, ព្រមទាំង សាស្រ្តាចារ្យ អ្នកស្រាវជ្រាវប្រមាណ ៣៥០នាក់៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

Discover more from Labour Economic Conference

Subscribe now to keep reading and get access to the full archive.

Continue reading