កម្ពុជា បើកសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារលើកទី៣ ជំរុញការអភិវឌ្ឍជំនាញ និងបច្ចេកវិទ្យា ដើម្បីត្រៀមចាកចេញពី LDC នៅឆ្នាំ២០២៩

ភ្នំពេញ, ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ពិធីបើកសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ លើកទី៣ ឆ្នាំ២០២៦ បានរៀបចំឡើង នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាញរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃនេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការ UN និង ILO ក្រោមប្រធានបទ «បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន» ដោយមានសមាសភាពចូលរួមជាង ៣៣០ នាក់ រួមមាន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួល UN ប្រចាំកម្ពុជា លោកស្រី Xiaoyan Qian នាយិការការិយាល័យ ILO ព្រមទាំងតំណាងនិយោជក កម្មករ និងដៃគូអភិវឌ្ឍន៍។

ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា វេទិកានេះឆ្លើយតបយ៉ាងចំទិសដៅចំពោះបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ការប្រកួតប្រជែងផ្នែកឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់សកលឡើងវិញ ជាពិសេសគឺការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) យ៉ាងយូរបំផុតត្រឹម ឆ្នាំ២០២៩។

ដើម្បីឆ្លើយតបនឹងបម្រែបម្រួលនេះ ក្រសួងការងារបាននិងកំពុងសស្រាក់សស្រាំរៀបចំឯកសារយុទ្ធសាស្ត្រជាតិចំនួន ២ សម្រាប់ជា «ត្រីវិស័យតម្រង់ទិស» សម្រាប់ទសវត្សរ៍បន្ទាប់ (២០២៦-២០៣៥)៖ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឆ្នាំ២០២៦-២០៣៥។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរចំពោះក្រសួងការងារ និងដៃគូដែលបានសហការរៀបចំសន្និសីទប្រចាំឆ្នាំនេះឡើង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ។

«សន្និសីទនេះជាការបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលចាត់ទុកមនុស្សជា “អាទិភាពគន្លឹះ” ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។

ជាយុទ្ធសាស្ត្រក្នុងការធ្វើបរិវត្តកម្មទីផ្សារការងារ និងការកសាងមូលធនមនុស្សដើម្បីធានាភាពប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ៗ ដូចជា៖ ការពង្រឹងប្រព័ន្ធព័ត៌មានទីផ្សារការងារ តាមពេលជាក់ស្តែង និងតាមតំបន់, ការបន្ស៊ីការបណ្តុះបណ្តាលជំនាញឱ្យស្របទៅនឹងតម្រូវការឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់, ការត្រៀមលក្ខណៈចាប់យកកាលានុវត្តភាពពី “បរិវត្តកម្ម” និង “អន្ដរកាលកម្ម”, ការពង្រឹងភាពប្រកួតប្រជែង, ការជំរុញអន្តរកាលពីសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធ និងការពង្រីកកិច្ចគាំពារសង្គម និងការពង្រឹងចីរភាពហិរញ្ញប្បទាន និងភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងការអភិវឌ្ឍជំនាញជាដើម៕