សុន្ទរកថាបើកដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សុន្ទរកថា (DPF)

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

រាជធានីភ្នំពេញ, ថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ត្រូវនឹងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៥, វេលាម៉ោង ៩ ព្រឹក, សណ្ឋាគារសុខាភ្នំពេញ

  • ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហ-ប្រជាជាតិ
  • ឯកឧត្តម លោកជំទាវ  លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង​អង្គពិធីទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំពិតជាមាន សេចក្តីសោមនស្សជាអនេក ដោយបានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក«សន្និសីទថ្នាក់ជាតិលើកទី​២ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥» ក្រោមប្រធានបទ៖ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និង       ការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់»

សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារលើកទី២ នេះ មិនមែនត្រឹមតែជាព្រឹត្តិការណ៍​ជួប​ជុំគ្នាប្រចាំឆ្នាំ រួចហើយ ត្រឡប់ទៅ​ធ្វើការ​រៀង​ខ្លួន និង​ផ្សេងៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់លើកកម្ពស់ “ការធ្វើសកម្មភាពប្រទាក់ក្រឡាគ្នា ​បំពេញ​ឱ្យគ្នាទៅវិញទៅមក​ និង ​ព្រមៗគ្នា” នៅក្នុង “​ជវភាព​នៃប្រព័ន្ធតួអង្គតែមួយ” ​ដើម្បីជំរុញកិច្ចសន្ទនា និង   នវានុវត្តន៍ក្នុងទីផ្សារការងារកម្ពុជា ។ ជាក់ស្ដែង, សន្និសីទថ្នាក់ជាតិថ្ងៃនេះទទួល​បាន​ការ-​ចូលរួម​ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យ​សាធារណៈ, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, អ្នកសិក្សាស្រាវជ្រាវ​ ព្រមទាំង​តំណាងកម្មករ​និយោជិត និងនិយោជក ដើម្បីជជែកពិភាក្សា លើជម្រើស និងការ​បន្ស៊ីគោលនយោបាយសំខាន់ៗក្នុងការរៀបចំអនាគតការងារនៅកម្ពុជា​ ដោយកំណត់បញ្ហាប្រឈម និងរកដំណោះស្រាយប្រកបដោយភាពប្រាកដនិយម ក្នុង​ភាព-​មិនប្រាកដប្រជាខ្ពស់ និង​ចល័តឆាប់រហ័ស ។

ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អង្គការអន្តរជាតិខាងការងារ (ILO),      កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងដៃគូពាក់ព័ន្ធជាច្រើនទៀត ដែលបានសហការយ៉ាងសកម្មរៀបចំសន្និសីទជាតិលើកទី២​ដ៏មានសារៈសំខាន់ថ្ងៃនេះ ។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ស្ថិតក្រោមដំបូលនៃសុខសន្តិភាព រយៈពេល​ជាង​ ២ ទសវត្សរ៍​ចុង​ក្រោយ, កម្ពុជាបន្ដសម្រេចបាននូវសមិទ្ធផលដ៏​ធំធេង, លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានផ្លាស់ប្ដូរ​មុខមាត់កម្ពុជា​ក្នុង​ឆាក​អន្ដរជាតិ ។ ជាក់ស្តែង, សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជាមធ្យមប្រមាណជាង ៨% ក្នុងរយៈពេលពីរទសវត្សរ៍ មុនពេលនៃវិបត្តិជំងឺកូវីដ-១៩ ។ ក្រោយវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលបាន​ខិត​ខំស្ដារសេដ្ឋកិច្ច​ឡើង​វិញ ប៉ុន្តែ​ត្រូវ​បាន​បន្ទច់​បង្អាក់ជា​បន្ដបន្ទាប់ ដោយសារវិបត្តិសេដ្ឋកិច្ច​សកល ជា​បន្ដបន្ទាប់​ឥតដាច់, ​ភាព​មិន-​ប្រាកដប្រជា​ខ្ពស់ និង​ ចល័ត​ឆាប់រហ័ស ពិបាក​នឹង​ប៉ាន់ស្មានជាមុន​បាន ។ នៅក្នុងឆ្នាំ​ ២០២៥ នេះ,​ ទោះ​បី​ប្រឈមនឹងការដាក់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និង ការ-បំពានរបស់ថៃ, សេដ្ឋកិច្ចកម្ពុជាត្រូវ​បានរំពឹងថាអាចនឹងសម្រេចបានក្នុងរង្វង់ ៥,២% និង ៥,០% សម្រាប់ឆ្នាំ ២០២៦ ខាងមុខ ។

 ទន្ទឹម​នឹងកំណើន​សេដ្ឋកិច្ច​ខាង​លើ,​ កម្ពុជា​បាន​ខិត​ខំ​កសាងនូវភាពធន់ ៥ សំខាន់ រួមមាន៖ (១). ភាពធន់នៃស្ថាប័នសាធារណៈ, (២). ភាពធន់នៃសេដ្ឋកិច្ច, (៣). ភាពធន់​នៃសង្គម និង ប្រជាជន, (៤). ភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ, និង (៥). ភាពធន់នៃបរិស្ថាន និងអាកាសធាតុ ។​ ក្នុង​វិស័យ​ទីផ្សារ​ការងារ, កម្ពុជា​បាន​កសាង​បាន​នូវ​មូលដ្ឋាន​គ្រឹះ​ ដើម្បី​សម្រួល​ដល់​ការ​ប្រែប្រួល​រចនាសម្ព័ន្ធ​​កម្លាំង​ពលកម្ម ស្របទៅ​តាមការផ្លាស់​ប្ដូរ​​នូវ​រចនា-
សម្ព័ន្ធ​សេដ្ឋកិច្ច​ ដោយបាន​ផ្លាស់ប្ដូរ​មុខរបរ និងការ​ងារ​ពីកសិកម្ម ឬស្រែចម្ការ ដែល​គ្រប-ដណ្ដប់ជាង ៨០% មក​ត្រឹមតែ ៣០% ក្នុ​ងពេល​បច្ចុប្បន្ន ។ រចនាសម្ព័ន្ធមុខ​របរ និងការងារ បាន​ប្រមូលផ្ដុំនៅ​តាមការដ្ឋាន ឬរោងចក្រ ផ្នែក​ឧស្សាហកម្ម​ និងការិយាល័យ​ ផ្នែក​សេវាកម្ម ទន្ទឹម​នឹង​ការ​​កែលម្អ​​លក្ខខណ្ឌការងារ និងការ​បង្កើនប្រាក់ចំណូលខ្ពស់ ។ កម្ពុជា​បាន​កសាង​នូវ​យន្ដការក្នុងវិស័យការ​ងារ ​​សំខាន់ៗមួយ​ចំនួន ដូច​ខាង​ក្រោម ៖

ទី១. ការ​កសាងបាន​នូវយន្តការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលទទួលស្គាល់ពីគ្រប់ភាគី ថាជាយន្តការត្រីភាគីគំរូ ក្នុងការកសាងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលចូលរួមចំណែកលើកកម្ពស់ជីវភាពកម្មករនិយោជិត និងភាពប្រកួត​ប្រជែង​ក្នុង​វិស័យគន្លឹះៗ ។

ទី២. ការ​រៀប​ចំបាន​នូវប្រព័ន្ធ​គ្រប់គ្រងមុខរបរនិងការងារ​ ​ដែលលើកកម្ពស់សិទ្ធិសេរី-ភាពអង្គការវិជ្ជាជីវៈ, លក្ខខណ្ឌការងារល្អ​ប្រសើរ, កា​រពង្រឹងការ​ដោះស្រាយវិវាទការងារ តាមរយៈការកសាងភាពជាដៃគូនៃកិច្ចសន្ទនាសង្គម, យន្តការត្រីភាគី និង យន្តការក្រុមប្រឹក្សាអាជ្ញាកណ្តាល, និងយន្ដការដោះស្រាយកូដកម្ម និងបាតុកម្ម ។

ទី៣. ការរៀបចំប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលផ្ដោតលើជំនាញ ដែលឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងមានសមាហរណកម្មជាមួយនឹងប្រព័ន្ធអប់រំចំណេះដឹងទូទៅ និងឌីជីថល ។

ទី៤. ការរៀបចំនូវប្រព័ន្ធផ្គូផ្គងការងារសាធារណៈ ដែលប្រមូលផ្ដុំព័ត៌មានឱកាសការងារគ្រប់ជ្រុងជ្រោយ, បន្ស៊ីតម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម ដែលជាមូលដ្ឋានរឹងមាំសម្រាប់បម្រើទីផ្សារក្នុងស្រុក និងការគ្រប់គ្រងបានពលករទៅបរទេស ។

ទី៥. ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកគ្រោះថ្នាក់ការងារ, ថែទាំសុខភាព និងប្រាក់សោធន ដែលកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ ព្រមទាំងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. បានទទួលផលពីការអនុវត្ត និងការពង្រីកវិសាលភាពគ្របដណ្តប់ និង

ទី៦. ការបង្កើតនូវមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង​​​​​វិស័យឯកជន, គ្រឹះស្ថាន​បណ្តុះបណ្តាល​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ប្រព័ន្ធអេកូឡូស៊ីជំនាញ ដើម្បីអភិវឌ្ឍ និងវិនិយោគរួមគ្នាលើកម្មវិធីបណ្តុះបណ្តាលជំនាញមុនបម្រើការងារ(pre-employment training), បង្កើនជំនាញ(upskilling) និងផ្លាស់ប្តូរជំនាញ (reskilling) ដែលត្រូវនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម សម្រាប់ទាំងបច្ចុប្បន្ន និងទាំងអនាគត។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

នៅ​ចំពោះមុខនិន្នាការដែលលេចឡើងថ្មីៗ ជាច្រើន រួមមាន ការវិវត្តយ៉ាងឆាប់រហ័សនៃ​បច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ, ការប្រែប្រួលប្រជាសាស្ត្រ, ការប្រែប្រួលរចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច,​ ភាពមិនប្រាកដប្រជានៃភូមិសាស្រ្តនយោបាយសកល, ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ច, វិស័យការងារទទួល​កម្មវិបាកទាំងបរិមាណ, គុណភាព និងតម្រូវការការងារ ។ អនាគត​នៃទីផ្សារការងារមាន​កត្តា​កំណត់មួយចំនួន​ ដូច​ខាង​ក្រោម ៖

ទី១. កត្តាកំណត់​នៃ​បច្ចេកវិទ្យា ៖ យើងកំពុងស្ថិតក្នុងសម័យកាលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០, ជាពិសេស ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) និង ប្រព័ន្ធស្វ័យប្រវត្តិកម្ម (Automation) ដែលកំពុងផ្លាស់ប្តូររបៀបរបបធ្វើ​ការ,រចនាសម្ព័ន្ធការងារ និងប្រភេទការងារ យ៉ាង​ជ្រាលជ្រៅ ។ ទន្ទឹមគ្នានេះ, បញ្ហាការប្រែប្រួលអាកាសធាតុ បាននិងកំពុងជំរុញឱ្យមាន «អន្តរកាលបៃតង» និងការផ្លាស់ប្តូរទៅកាន់  «សេដ្ឋកិច្ចចក្រា» ដែលទាមទារនូវជំនាញថ្មីៗ ក្នុង​ការធ្វើ​វិសិដ្ឋកម្ម​ខ្សែច្រវាក់ផ្គត់ផ្គង់។

ទី២. កត្តា​របបពាណិជ្ជកម្មអន្ដរជាតិ ៖ ការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងការប្រែប្រួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលតម្រូវឱ្យកម្ពុជាចូលរួម និង​ពង្រឹងតួនាទី​របស់ខ្លួន ដោយផ្អែកលើ «ជំនាញ និងផលិតភាព» មិនមែនត្រឹមតែ «តម្លៃពលកម្មទាប»

ទី៣. កត្តានៃ​ការ​រីកចម្រើន​សេដ្ឋកិច្ច​ និង​សង្គម ៖ ដំណើរការនៃការចាកចេញពី
ឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់យើង គឺជៀសមិនផុតពីការប្រឈមនឹងបញ្ហាដែលទាមទារឱ្យកម្លាំងពលកម្មត្រូវមានការត្រៀមខ្លួន តាមរយៈការអភិវឌ្ឍជំនាញបន្ថែម (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) និង

ទី៤.  កត្តាប្រជាសាស្ត្រនៃកម្ពុជា​ ​តំបន់ និង​សកលលោក ៖ ប្រជាជនពិភពលោក​និង ក្នុង​តំបន់ មាន​មនុស្សកាន់​តែ​ចាស់ឡើងៗ  ដែល​មិន​គ្រាន់តែ​ប៉ះពាល់​ដល់​កា​រ-​ផ្គត់ផ្គង់​កម្លាំង​ពលកម្មប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​កំណត់ឡើង​វិញ​នូវ​តម្រូវ​ការ​ផងដែរ ជា​ពិសេស​វិស័យ​សុខាភិបាល,​ ការ​អបរំ និងបច្ចេកវិទ្យាដើម្បី​លើកកម្ពស់
​ផលិត​ភាព ដើម្បី​ប្រើប្រាស់ធនធាន​មនុស្សប្រកបដោយសុភបរិមា ។

សម្រាប់កម្ពុជា, កត្តា​ខាង​លើនឹងបង្កជាហានិភ័យនៃការបាត់បង់ការងារមួយចំនួន ។ ​ទន្ទឹម​គ្នា​នេះ, បច្ចេកវិទ្យាបង្កើតបានជាឱកាសការងារក្នុងវិស័យលេចឡើងថ្មី ។ ស្របតាមនិន្នាការនេះ, កម្ពុជាចាំបាច់ត្រូវ​តម្រង់ទិសដើម្បីចាប់យកឱកាសពីមុខ​របរ​ និង​ការងារថ្មី ។ ម៉្យាងវិញទៀត, បច្ចុប្បន្ននេះ កម្ពុជាកំពុងបន្ដពឹង​ផ្អែកខ្លាំងពេកលើជំនាញទាប ដែល​មាន​ប្រាក់ឈ្នួលទាប, រីឯពលករកម្រិតជំនាញមធ្យម និងខ្ពស់ មាន​តិចតួច​នៅ​ឡើយ ទាំង​ក្នុង
​វិស័យ​កសិកម្ម, ឧស្សាហកម្ម និង​ សេវាកម្ម ។ ក្នុង​ពេល​អនាគត, កម្ពុជាត្រូវបន្ដ​ខិតខំ​ផ្លាស់ប្ដូរ​រចនាសម័្ពន្ធ​មុខរបរ និងការងារ ឆ្ពោះទៅ​ការ​ពឹងផ្អែកលើពលករជំនាញមធ្យម និង​ខ្ពស់ ដើម្បីការពង្រឹងភាពប្រកួតប្រជែង និងការ​ធ្វើពិពិធកម្មវិស័យ​សេដ្ឋកិច្ច ដែល​កត្តាចាំបាច់​ក្នុងការផ្លាស់ប្ដូរ​រចនាសម្ព័ន្ធសេដ្ឋកិច្ច និង​ការកសាង​ភាពធន់នៃ​ទីផ្សារ​ការងារ ។

ក្នុង​ន័យ​នេះ, ខ្ញុំសូម​ឱ្យសន្និសីទ យក​ចិត្តទុក​ដាក់ក្នុងការ​គិតគូរពីការបង្កើត​
សហថាម​​ពល (Synergy) និង​ បញ្ចូលទស្សនវិស័យ​អនាគត ឬការ​ប្រមើលអនាគត (foresight) ក្នុងគោលនយោបាយសសរស្តម្ភជាតិទាំងបី គឺ (១). មុខរបរ និងការងារ, (២). ការអប់រំ បណ្តុះបណ្តាល​​បច្ចេក​ទេស និងវិជ្ជាជីវៈ និង (៣). ទេសន្តរប្រវេសន៍ការងារ ។ លើសពី​នេះ, ខ្ញុំសូមឱ្យសន្និសីទពិភាក្សា​ឱ្យ​បាន​ស៊ី​ជម្រៅ​ លើ​ការ​បង្កើន​ជំនាញ ដើម្បី​ប្រើប្រាស់ជាធាតុ​ចូល​ដល់​ការរៀប​ចំគោលនយោបាយ​អភិវឌ្ឍន៍វិស័យ​ឧស្សាហកម្ម​កម្ពុជា​ សម្រាប់​ជំហាន​បន្ទាប់ ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ដើម្បីធានាថា លទ្ធផលនៃសន្និសីទនេះ នឹងក្លាយជាធាតុចូលល្អសម្រាប់កសាង           ​ទីផ្សារការងារប្រកបដោយភាពធន់, ខ្ញុំសូមលើកឡើងនូវមតិ​មួយចំនួន ដើម្បី​ជា​ការតម្រង់-ទិសនៃ​ការ​ពិភាក្សាក្នុង​សន្និសីទរយៈពេល ២ ថ្ងៃ ដូចខាងក្រោម៖

ទី១. ជំរុញការកែទម្រង់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែ
ស៊ីជម្រៅ, ការលើកកម្ពស់ការរៀនសូត្រពេញមួយជីវិត និងការពង្រឹងយន្តការ​​វាយតម្លៃ និងព្យាករតម្រូវការជំនាញ (Skills Forecasting) ទើបធានាថាកម្លាំងពលកម្មកម្ពុជា អាចចាប់យក​ឱកាស​ការងារ ដែលមានតម្លៃបន្ថែមខ្ពស់ ។

ទី២. ជំរុញភាពប្រទាក់ក្រឡាគ្នារវាងប្រព័ន្ធអប់រំចំណេះដឹងទូទៅ និងប្រព័ន្ធបណ្ដុះ-បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការ​បណ្ដុះ​បណ្ដាលពលករ​ជំនាញមធ្យម និង​ខ្ពស់ ទាំង​បរិមាណ គុណភាព និងបំពេញបាននូវតម្រូវការទីផ្សារ ។

ទី៣. អភិវឌ្ឍមូលធនមនុស្ស និង​ជំនាញត្រូវមាន​ភាពបុរេសកម្ម ដើម្បីធានាថាការ-បណ្តុះបណ្តាលឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្នផង និងត្រៀមរួចរាល់សម្រាប់​អនាគតផង តាមរយៈការ​បង្កើត​ក្រុមប្រឹក្សាជំនាញតាម​វិស័យឱ្យបានច្រើន ដែល​ជាយន្តការ​សម្របសម្រួល និង​វាយតម្លៃ​​តម្រូវការ​ជំនាញ​​ជាក់ស្តែង​ក្នុងវិស័យឧស្សាហកម្ម និង​សេវាកម្ម ។

ទី៤. កំណត់ឱ្យ​បាន​នូវ​ប្រភេទ, ទំហំ និងកម្រិតជំនាញដែលមានតម្រូវការសម្រាប់ការងារថ្មីៗ មានភាពចាំបាច់ ជា​ពិសេសនៅក្រោម​កម្មវត្ថុនៃ​ការ​បម្លាស់ទីឧស្សាហកម្ម ដើម្បី​ត្រៀម​ការផ្គត់ផ្គង់កម្លាំងពលកម្ម តាមរយៈយន្ដការភាពដៃគូ រវាងរដ្ឋ និងឯកជន ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ ។

ទី៥. ធ្វើសមាហរណកម្ម និងគាំពារវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្ដល់ជាមធ្យោបាយក្នុងការលើកកម្ពស់គុណភាព និង​ផលិតភាពការងារ​តាមរយៈផ្តល់ការលើក-
ទឹកចិត្ត ស្របតាម «យុទ្ធសាស្ត្រជាតិ​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» និង ជំរុញការចុះបញ្ជីជាសមាជិក «បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)» សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកប្រកបរបរក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីផ្ដល់​ឱកាសទទួលបាន​ការ​បណ្ដុះបណ្ដាលជំនាញ ។

ទី៦.ធ្វើសមាហរណកម្មពលករវិលត្រលប់មកពីថៃ តាមរយៈអន្តរាគមន៍ និងយន្តការរាជរដ្ឋាភិបាល ដើម្បីស្វែងរកការងារសម្រាប់ពលករវិលត្រលប់មកពីថៃ ដោយសារជម្លោះ​ព្រំដែន ដែលកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្ម ។

ទី៧. បន្តពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធ​គាំពារសង្គម តាម​រយៈការពង្រឹង​មូលនិធិជាតិ​ជំនួយសង្គម និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), និងត្រូវប្រើប្រាស់
«ថ្នាលឌីជីថល» ក្នុងការពង្រីកវិសាលភាព ប.ស.ស. និងប្រព័ន្ធ​ជំនួយសង្គម ទៅដល់កម្មករនិយោជិតក្នុងវិស័យសេដ្ឋកិច្ច​​ក្រៅប្រព័ន្ធ, អ្នកធ្វើការតាមថ្នាល    បច្ចេកវិទ្យា និងក្រុមងាយរងគ្រោះផ្សេង​ទៀត ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរ​ក្នុង​ទីផ្សារការងារ ។

ទី៨. ការបន្ដពង្រឹង​យន្ដកា​រអធិការកិច្ច​ការងារ ដើម្បី​លើកកម្ពស់​លក្ខខណ្ឌ​ការងារឱ្យ​កាន់តែ​ប្រសើរ, ​ពង្រឹងប្រសិទ្ធភាព​នៃ​ការ​ដោះ​ស្រាយ​វិវាទការងារ និងជំរុញការ-​ដោះ​ស្រាយ​កូដកម្ម និង​បាតុកម្មប្រកបដោយសន្ដិវិធី,​ ប្រសិទ្ធភាព និងស័ក្ដិ-សិទ្ធភាព និង

ទី៩. ការ​បន្ដ​ពង្រឹង​យន្ដ​ការ​ប្រាក់ឈ្នួល​អប្បបរមា ដោយ​ពង្រីក​ការ​គ្របដណ្ដប់​ឱ្យ​បាន​កាន់តែទូលាយនៅ​ក្នុង​វិស័យ​ និងការ​គិតគូរអំពី​កម្រិត​ខុសគ្នា​នៅ​តាម​តំបន់ ដើម្បី​បន្ដលើកកម្ពស់ជីវភាពកម្មករ និយោជិត និងចូលរួម​ជំរុញ​សកម្មភាព
សេដ្ឋកិច្ច​ជាក់លាក់​នៅ​តាម​តំបន់នីមួយៗ ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

មុននឹងបញ្ចប់, ខ្ញុំសូមយកឱកាសដ៏ប្រពៃនេះ សម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅម្តងទៀត ជូនចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងគណៈកម្មការរៀបចំសន្និសីទ អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានសហការគ្នាយ៉ាងល្អ ធ្វើឱ្យសន្និសីទដ៏មានសារៈសំខាន់នេះ អាចប្រព្រឹត្តទៅបានរលូន ។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កិច្ចពិភាក្សាក្នុងរយៈពេលពីរថ្ងៃខាងមុខនេះ នឹងប្រព្រឹត្តទៅ​ប្រកបដោយផ្លែផ្កា, មានការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធជាក់ស្តែង, និង ផ្តល់​នូវ    អនុសាសន៍គោលនយោបាយ ដែលអាចអនុវត្តបាន ដើម្បី​រួមគ្នាកសាងអនាគតនៃការងារ ប្រកបដោយភាពធន់ និងបរិយាបន្ន ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ សមាជិក-សមាជិកានៃអង្គពិធីទាំងមូល បានសមប្រកបតែនឹងពុទ្ធពរ ទាំង ៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ខ្ញុំសូមប្រកាសបើក «សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥» ជាផ្លូវការ ចាប់ពីពេលនេះតទៅ ។

សូមអរគុណ!

——————————————————

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គឺជាអ្នកនយោបាយនិងជាសេដ្ឋវិទូខ្មែរ បច្ចុប្បន្នកំពុងបម្រើការ ជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យធ្លាប់ជាទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៣។ មុនពេលត្រូវបានតែងតាំងជារដ្ឋមន្ត្រី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបម្រើការនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឋានៈជារដ្ឋលេខាធិការ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏ជាសមាជិកសភាប្រចាំមណ្ឌលខេត្តកណ្តាលផងដែរ ដោយត្រូវបានបោះឆ្នោត ជ្រើសតាំងលើកដំបូងនៅក្នុងឆ្នាំ២០១៨។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Moscow State University ដោយទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រសង្គម និងនយោបាយ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អាចនិយាយភាសាអង់គ្លេស និងរុស្ស៊ីបានយ៉ាងស្ទាត់ជំនាញ។

H.E. Dr. Aun Pornmoniroth is a Cambodian politician and economist, currently serving as the Minister of Economy and Finance and Deputy Prime Minister. He was the Economic Adviser to the Prime Minister from 1998 to 2013. Before his appointment as minister, he worked in the Ministry of Economy and Finance as Secretary of State. He is also a Member of Parliament (MP) for Kandal Province, first elected in 2018. H.E. Dr. Pornmoniroth is a graduate of Moscow State University, where he received a Doctor of Philosophy in social and political sciences. He is fluent in English and Russian.

Leave a Reply

Telegram
Tiktok
Follow by Email
RSS
Copy link
URL has been copied successfully!

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading