សន្និសីទថ្នាក់ជាតិ ស្ដីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៥

ក្រោមប្រធានបទ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់»

ទីតាំង៖ សណ្ឋាគារសុខាភ្នំពេញ កាលបរិច្ឆេទ៖ ថ្ងៃទី ១៥-១៦ ខែធ្នូ ឆ្នាំ២០២៥

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំសន្និសីទសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ជាលើកទី២ ដោយបន្តប្តេជ្ញាក្នុងការរៀបចំវេទិកាជាតិប្រចាំឆ្នាំសម្រាប់ការជំរុញកិច្ចសន្ទនាទីផ្សារការងារ និងនវានុវត្តន៍​ ក្រោមប្រធានបទ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់»។ សន្និសីទឆ្នាំនេះ នឹងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើទំនើបកម្មកម្លាំងពលកម្ម​ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ចក្ខុវិស័យរបស់កម្ពុជា ឆ្នាំ២០៥០ និងអាទិភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការពន្លឿនការផ្លាស់ប្តូររចនាសម្ព័ន្ធ និងការត្រៀមខ្លួនសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា ការទទួលយកឌីជីថលភាវូបនីយកម្ម និងសេដ្ឋកិច្ចបៃតង អាចធ្វើឱ្យប្រទេសកម្ពុជាជួបប្រទះទាំងបញ្ហាប្រឈម និងកាលានុវត្តភាព។ ការផ្លាស់ប្តូរទាំងនេះមានផលប៉ះពាល់ដល់កម្លាំងពលកម្ម ជាពិសេសយុវជន ស្ត្រី កម្មករនិយោជិត ដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមងាយរងគ្រោះផ្សេងទៀត ដែលទាមទារការបង្កើនជំនាញ និងការផ្លាស់ប្តូរជំនាញ ព្រមទាំងមានលទ្ធភាពទទួលបានប្រព័ន្ធគាំពារសង្គម ដែលស្របតាមស្តង់ដា និងសេចក្តីប្រកាសរបស់អាស៊ាន ស្តីពីការងារ និងការគាំពារសង្គម។

សន្និសីទនេះ គឺជាវេទិកាពិភាក្សាគោលនយោបាយកម្រិតខ្ពស់ ដើម្បីធានានូវសង្គតិភាពរវាងគោលនយោបាយ ជាតិសំខាន់ៗ ចំនួន៤ ដែលសំដៅលើការរៀបចំការងារនាពេលអនាគតរបស់កម្ពុជា។ របៀបវារៈនៃសន្និសីទនេះ ត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ ឱ្យស្របទៅនឹងសេចក្តីព្រាងគោលនយោបាយជាតិស្នូលមួយចំនួនរួមមាន៖ គោលនយោបាយ​ជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ2026-2035, គោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ2026-2035, គោលនយោបាយជាតិស្តីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០២៥-២០៣៤, និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ។ របៀបវារៈនេះ ក៏ត្រូវបានបន្ស៊ីជាមួយនឹងដោយចក្ខុវិស័យនៃផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកល (GA) ដែលត្រូវបានអនុម័តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងខែធ្នូ ឆ្នាំ២០២៤ ផងដែរ។ ជាមួយគ្នានេះ ខណៈ គោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណាក់កាលតាក់តែង សន្និសីទនេះ នឹងផ្តល់នូវឱកាសដ៏សំខាន់ដើម្បីធានាថា គោលនយោបាយជាតិ ទាំងអស់មានសង្គតិភាពរវាងគ្នានឹងគ្នា បំពេញឱ្យគ្នាទៅវិញទៅមក និងអាចអនុវត្តបាន ដើម្បីសម្រេចបានផលជាអតិបរមាសម្រាប់កម្ពុជា ខណៈកម្ពុជាត្រូវពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារការងារក្នុងតំបន់ផងដែរ។

សន្និសីទនេះ ក៏មានគោលបំណងជំរុញកិច្ចសហការ ការផ្លាស់ប្តូរចំណេះដឹង និងនវានុវត្តន៍ ដើម្បីដោះស្រាយ បញ្ហាប្រឈមនានា និងចាប់យកកាលានុវត្តភាព ស្របពេលសេដ្ឋកិច្ចកំពុងផ្លាស់ប្តូររបស់កម្ពុជា នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ តាមរយៈកិច្ចសន្ទនាដោយបើកចំហ និងការចែករំលែកនូវឧត្តមានុវត្ត អ្នកចូលរួមនឹងបង្កើន ការយល់ដឹងបន្ថែមកាន់តែស៊ីជម្រៅនូវជម្រើសគោលនយោបាយនានា ដែលអាចនាំផ្លូវកម្ពុជាឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចដោយរលូន។

សន្និសីទសេដ្ឋកិច្ចការងារ ឆ្នាំ2025 ជាវេទិកាជាតិ ដែលនឹងចូលរួមដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល សមាគមនិយោជក តំណាងនិយោជក សហជីព ដៃគូអភិវឌ្ឍជាតិ និងអន្តជាតិ ស្ថាប័នស្រាវជ្រាវ និងអ្នកទទួលផល ដើម្បីពង្រឹងភាពជាដៃគូ បង្កើនកិច្ចសន្ទនា និងសហការបង្កើតយុទ្ធសាស្ត្រដែលអាចអនុវត្តបាន និងស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីកសាងទីផ្សារការងារកម្ពុជាសម្រាប់អនាគត ប្រកបដោយបរិយាបន្ន ដែលអាចរីកលូតលាស់នៅក្នុងភាពប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។ 

  1. បង្កើតឱ្យមានកិច្ចសន្ទនាផ្អែកលើភស្តុតាង៖ ចូលរួមដោយអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីផ្លាស់ប្តូរចំណេះដឹង ស្តីពីការប្រែប្រួលនៃទីផ្សារការងារនៅក្នុងបរិបទ សមាហរណកម្មអាស៊ាន សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចចក្រា ។
  2. ពន្លឿនការអភិវឌ្ឍជំនាញសម្រាប់និន្នាការសេដ្ឋកិច្ចថ្មី៖ កំណត់នូវគម្លាតជំនាញ និងបង្កើតយុទ្ធសាស្ត្រសម្រាប់ពង្រឹងកម្លាំងពលកម្មរបស់កម្ពុជានាពេលអនាគត តាមរយៈ​នវានុវត្តន៍ កំណែទម្រង់វិស័យ TVET ការរៀនសូត្រពេញមួយជីវិត និងការលើកកម្ពស់គោលនយោបាយទីផ្សារការងារសកម្ម ដែលធ្វើឱ្យប្រសើរឡើងនូវផលជះល្អប្រសើរក្នុងទីផ្សារការងារ និងកម្លាំងពលកម្មដែលប្រកបដោយបរិយាបន្ន នៅក្នុង
    សហគមន៍សេដ្ឋកិច្ចអាស៊ាន។
  3. ពង្រឹងប្រព័ន្ធសន្តិសុខសង្គម៖ ស្វែងយល់ពីតួនាទីរបស់បេឡាជាតិសន្តិសុខសង្គម និងស្ថាប័នផ្សេងទៀតក្នុងការធានាបាននូវការការពារប្រកបដោយបរិយាបន្ន សម្រាប់កម្មករនិយោជិតទាំងអស់។
  4. ពង្រឹងភាពជាដៃគូពហុភាគី៖ ជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមតួអង្គសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា និងទូទាំងអាស៊ាន ដើម្បីធានាបាននូវដំណោះស្រាយទីផ្សារការងារកាន់តែមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន និងចីរភាព។

សន្និសីទនេះ នឹងមានការប្រមូលផ្តុំអ្នកចូលរួមប្រមាណ ៣៥០នាក់ រួមមាន៖

  • តំណាងរាជរដ្ឋាភិបាល និងអ្នកតាក់តែងគោលនយោបាយ (ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ)​
  • តំណាងអង្គការអន្តរជាតិ (អង្គការអន្តរជាតិខាងការងារ, កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ធនាគារអភិវឌ្ឍអាស៊ី, ធនាគារពិភពលោក, វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន, លេខាធិការដ្ឋានអាស៊ាន ជាដើម)  
  • តំណាងនិយោជក និងសភាពាណិជ្ជកម្ម និងសមាគមពាណិជ្ជកម្ម
  • បញ្ញាវន្ត និងអ្នកស្រាវជ្រាវផ្នែកទីផ្សារការងារ
  • តំណាងសហជីព
  • គ្រឹះស្ថាន TVET និងសាកលវិទ្យាល័យ
  • អង្គការក្រៅរាជរដ្ឋាភិបាល (NGO) និងអង្គការសង្គមស៊ីវិល រួមទាំងអ្នកទទួលផលពីគំនិតផ្តួចផ្តើមគោលនយោបាយបច្ចុប្បន្ន។
  • ប្រធានបទពិសេស៖ ពីអន្តរកាលទៅបរិវត្តកម្ម៖ ការធ្វើអន្តរកាលកម្លាំងពលកម្ម​កម្ពុជាទៅរកសេដ្ឋកិច្ច
    ឌីជីថល និងសេដ្ឋកិច្ចចក្រា

ការស្វែងយល់អំពីការប្រែប្រួលសេដ្ឋកិច្ចសកលលោកពាក់ព័ន្ធនឹងនិន្នាការសំខាន់ធំៗ ចំនួន២ គឺ៖
ឌីជីថលូបនីយកម្ម និងការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចចក្រា។ ក្រៅពីបទបង្ហាញ និងការពិភាក្សាអំពីឌីជីថល លូបនីយកម្ម វគ្គនេះនឹងមានបទបង្ហាញ និងកិច្ចពិភាក្សានៃការផ្លាស់ប្តូរពីម៉ូដែល «Make, Take, Dispose» ទៅជាម៉ូឌែល ដែលលុបបំបាត់កាកសំណល់ ការប្រើប្រាស់វត្ថុធាតុដើមឱ្យមានប្រសិទ្ធភាព និងបង្កើតខ្សែច្រវាក់ផលិតកម្មថ្មី។ សម្រាប់ប្រទេសកម្ពុជា «អន្តរកាល» មិនមែនត្រឹមតែជាគោលដៅបរិស្ថានមួយតែប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រសេដ្ឋកិច្ច ដែលអាចជំរុញការបង្កើតការងារ, បង្កើនការប្រកួតប្រជែង និងកសាងភាពធន់ក្នុងរយៈពេលវែង។

  • ការពន្លឿននៃការចាប់យកជំនាញសម្រាប់សេដ្ឋកិច្ចថ្មី៖ ភាពធន់នៃកម្លាំងពលកម្ម ជំនាញសម្រាប់អនាគត និងគោលនយោបាយទីផ្សារការងារសកម្ម

ការស្វែងយល់អំពីឧត្តមានុវត្តន៍ក្នុងការអភិវឌ្ឍជំនាញ ការកែទម្រង់ប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) និងការបណ្តុះបណ្តាល ដែលឆ្លើយតបស្របតាមតម្រូវការឧស្សាហកម្ម រួមទាំងតួនាទីរបស់គោលនយោបាយទីផ្សារការងារសកម្ម (ALMP) មានដូចជា ប្រព័ន្ធព័ត៌មានទីផ្សារការងារ ការផ្គូផ្គងការងារ និងការគាំទ្រភាពមានការងារធ្វើ ដើម្បីគាំទ្រកម្លាំងពលកម្ម និងជំរុញការបង្កើតការងារក្នុងអំឡុងពេលនៃការផ្លាស់ប្តូរសេដ្ឋកិច្ច និងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

  • សមាហរណកម្មសេដ្ឋកិច្ច និងឱកាសអភិវឌ្ឍ ទទួលបានពីការត្រឡប់មកវិញរបស់ពលករទេសន្តរប្រវេសន៍ខ្មែរ

ការជំរុញឱ្យមានសមាហរណកម្មសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ពលករទេសន្តរប្រវេសន៍ ដែលត្រឡប់មកកម្ពុជាវិញ ដោយធានាឱ្យពួកគេអាចចូលរួមក្នុងទីផ្សារការងារ ការបណ្តុះបណ្តាលជំនាញ ការគាំទ្រដល់សហគ្រិនភាព និងធនធានហិរញ្ញប្បទាន។ ពង្រឹងការសម្របសម្រួលសេវាការងារ ដើម្បីជំរុញការស្រូបយកកម្លាំងពលកម្ម និងរួមចំណែកដល់កំណើននៃ ផ.ស.ស. ។

  • ដំណើរឆ្ពោះទៅរកទីផ្សារការងារដែលមានភាពធន់៖ ទស្សនវិស័យមុខរបរ ការងារ និងការផ្គូផ្គងជំនាញ

ការរំពឹងទុកនៃការផ្លាស់ប្តូរមុខរបរ និងការងារ ស្របជាមួយនឹងការផ្គត់ផ្គង់ជំនាញជាមួយនឹងតម្រូវការការងារដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស វគ្គនេះនឹងបង្ហាញពីលទ្ធផលនៃការព្យាករសូចនាករទីផ្សារការងារ ដើម្បីកំណត់និន្នាការការងារនាពេលអនាគត, ការដោះស្រាយភាពមិនបន្ស៊ីគ្នានៃការអប់រំ
បណ្តុះបណ្តាល និងការងារ និងផលប៉ះពាល់លើប្រាក់ឈ្នួល ផលិតភាព ព្រមទាំងការលើកកម្ពស់ការទទួលខុសត្រូវ នៃការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទៅនឹងទីផ្សារការងារតាមរយៈភាពជាដៃគូក្នុងឧស្សាហកម្មកាន់តែរឹងមាំ ការបណ្តុះបណ្តាលនៅកន្លែងការងារ និងការណែនាំអំពីជំនាញ និងអាជីព។

  • ការកំណត់គោលដៅទាញប្រយោជន៍ពីការងារក្រៅប្រព័ន្ធ និងការងារតាមថ្នាលបច្ចេកវិទ្យា (Platform Work) សម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន

ការស្វែងរកដំណោះស្រាយសម្រាប់ការងារក្រៅប្រព័ន្ធ និងកំណើនការងារតាមថ្នាលបច្ចេកវិទ្យា (Platform Work) យ៉ាងឆាប់រហ័សនៅកម្ពុជា តាមរយៈការពង្រីកប្រព័ន្ធគាំពារសង្គម ជំរុញការអភិវឌ្ឍជំនាញ និងធានាស្តង់ដាការងារសមរម្យ ជាពិសេសសម្រាប់ស្ត្រី និងយុវជន ស្របពេលការលើកកម្ពស់គោលនយោបាយនវានុវត្តន៍ ដែលមានសមាហរណកម្មរវាងអ្នកធ្វើការក្រៅប្រព័ន្ធ និងអ្នកធ្វើការក្នុងប្រព័ន្ធ ឱ្យចូលទៅក្នុងទីផ្សារការងារដែលមានបរិយាបន្ន ផលិតភាព និងភាពធន់។

  • ប្រព័ន្ធសន្តិសុខសង្គម ដែលឆ្លើយតបទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារ និងនិន្នាការនៃភាពមានការងារធ្វើ

ការពង្រីកវិសាលភាពនៃការគាំពារកម្មករនិយោជិត, ការរៀបចំប្រព័ន្ធដែលឆ្លើយតបទៅនឹងហានិភ័យ ដែលកើតឡើងភ្លាមៗ, ការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គមរបស់កម្ពុជា, ការលើកកម្ពស់លទ្ធភាពទទួលបានការងារ និងការគាំពារសម្រាប់ស្ត្រី យុវជន និងក្រុមងាយរងគ្រោះនៅក្នុងសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។

Telegram
Tiktok
Follow by Email
RSS
Copy link
URL has been copied successfully!