
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ថ្លែងក្នុងពិធីបើកសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥
ក្រោមប្រធានបទ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់»
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥, សណ្ឋាគារសុខាភ្នំពេញ
សូមគោរព!
- ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាទីគោរព!
- ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង
នវានុវត្តន៍ - លោកស្រី ស៊ាវយៀន ឈាន នាយិកាការិយាល័យប្រចាំប្រទេសថៃ កម្ពុជា ឡាវ នៃ អង្គការអន្តរជាតិខាងការងារ
- លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី!
ជាបឋម ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមគោរពសម្តែងនូវគារវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ក្រោមប្រធានបទ«ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់» នាថ្ងៃនេះ។
ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងស្ថានទូតនានា និងអគ្គលេខាធិការដ្ឋានអាស៊ាន, តំណាងអង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍, តំណាងនិយោជក និងកម្មករនិយោជិត, ព្រមទាំង លោក លោកស្រី ជាសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីនាព្រឹកនេះ យ៉ាងច្រើនកុះករសរុបប្រមាណ ៣៥០នាក់។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ រួមមាន៖ អង្គការអន្តរជាតិខាងការងារ, កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ, សមាគមវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), ធនាគារ ខេប៊ី ប្រាសាក់, និងដៃគូជាតិ-អន្តរជាតិផ្សេងទៀត ដែលបានចូលរួមឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសក្នុងការរៀបចំសន្និសីទនេះឡើង។
សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាសម្រាប់ ជំរុញកិច្ចសហការ និងការផ្លាស់ប្តូរចំណេះដឹង តាមរយៈការចែករំលែកលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ។ បន្ថែមពីនេះ សន្និសីទនេះនឹងផ្តល់ឱកាសក្នុងការស្វែងយល់ស៊ីជម្រៅអំពីបញ្ហាប្រឈម និងដំណោះស្រាយជាយុទ្ធសាស្ត្រក្នុងទីផ្សារការងារ សំដៅដល់ការតម្រង់ទិសទស្សនវិស័យការងារ របស់កម្ពុជានាពេលអនាគត ឱ្យមានសង្គតិភាពនឹងការវិវត្តនៃសេដ្ឋកិច្ចសង្គម និងជាការចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ សន្និសីទថ្នាក់ជាតិនេះ ឡើងជាលើកដំបូងកាលពីឆ្នាំ២០២៤ ក្រោមប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» ហើយលទ្ធផលនៃកិច្ចពិភាក្សានេះត្រូវបានក្រសួងសំយោគ និងបោះពុម្ពផ្សាយជាអត្ថបទគោលនយោបាយសង្ខេប (Policy Brief) ចំនួន ៣ ដែលអ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ សិស្សនិស្សិត និងសាធារណៈជនអាចធ្វើការទាញយកតាមរយៈគេហទំព័រផ្លូវការរបស់ក្រសួង។ អត្ថបទសង្ខេបគោលនយោបាយទាំង ៣ នេះ បានក្លាយជា ធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំគោលនយោបាយជាតិចំនួន ៣ របស់រាជរដ្ឋាភិបាល រួមមាន៖ (១) គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ, (២) គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ, និង (៣) គោលនយោបាយជាតិស្តីពីទេសន្តរប្រវេសន៍ការងារ។ បន្ថែមពីលើនេះ អនុសាសន៍នៃអត្ថបទសង្ខេបគោលនយោបាយនេះ ក៏ត្រូវបានយកមកអនុវត្តយ៉ាងសកម្មជាបណ្តើរៗ តាមរយៈ ការធ្វើសមាហរណកម្ម និងអាទិភាពនីយកម្ម ទៅក្នុងផែនការសកម្មភាពរបស់ក្រសួង និងការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨។
នេះបានឆ្លុះបញ្ចាំងកាន់តែច្បាស់ឱ្យឃើញថា សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារនេះ បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការរៀបចំ និងការបង្ស៊ីគោលនយោបាយជាតិ និងផែនការសកម្មភាព ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងការបង្កើនសហថាមពលនៃការអនុវត្តនៅក្នុង “ជវភាពនៃប្រព័ន្ធតួអង្គតែមួយនៃទីផ្សារការងារ” ដោយផ្អែកលើមូលដ្ឋានរឹងមាំនៃទិន្នន័យ ធាតុចូលពីកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីជាទីគោរព!
អង្គសន្និសីទទាំងមូលជាទីមេត្រី!
បន្ទាប់ពីរក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ក្នុងអត្រាមធ្យមប្រមាណ ៨% ក្នុងមួយឆ្នាំ អស់រយៈពេល ២ទស្សវត្សរ៍មុនវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជានៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន ជាមួយនឹងអត្រាកំណើន ៦,០% នៅឆ្នាំ២០២៤ និង ៥,២% នៅឆ្នាំ២០២៥។ អត្រាកំណើននេះ បានឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ដែលកំពុងឈានដល់របត់ថ្មីមួយ នៃការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ខាងមុខ និងក្នុង
បរិការណ៍នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ច និងនយោបាយតំបន់ និងសកល។
ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំនេះ បានធ្វើឱ្យចំនួនការងារ កើនឡើងពីប្រមាណ ៦,២លាននាក់ ក្នុងឆ្នាំ២០០០ ដល់ប្រមាណ១០,៥លាននាក់ ក្នុងឆ្នាំ២០២៥។ ស្របជាមួយកំណើនការងារនេះ គុណភាពនៃការងារក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃចំណែកកម្លាំងពលកម្មក្នុងវិស័យមិនមែនកសិកម្មពីអត្រា ៣៣,០% ដល់ ៧៣,៨% ក្នុងរយៈពេលដូចគ្នា។ ការផ្លាស់ប្តូររចនាសម្ព័ន្ធនេះ បង្ហាញថា កម្លាំងពលកម្មភាគច្រើនបានចាកចេញពីវិស័យកសិកម្មបែបប្រពៃណី មកចូលក្នុងវិស័យ ឧស្សាហកម្ម និងសេវាកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការបន្តជំរុញ ការលើកកម្ពស់គុណភាពនៃការងារ និងការធានានូវការងារសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋ។ វឌ្ឍនភាពនេះ ក៏បានបើកផ្លូវឱ្យយើងមានលទ្ធភាព ក្នុងការដាក់ចេញនូវក្របខណ្ឌគាំពារសង្គម និងគោលនយោបាយទីផ្សារការងារសកម្ម ប្រកបដោយបរិយាបន្ន ដើម្បីធានាបាននូវសុខុមាលភាព និងផលិតភាពការងារខ្ពស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនាពេលខាងមុខ។
ជាមួយនឹងកំណើនសេដ្ឋកិច្ច និងស្ថិរភាពទីផ្សារការងារ កម្ពុជារក្សាបានអត្រាអ្នកចូលរួមកម្លាំងពលកម្មប្រមាណ ៨៤,២% ក្នុងឆ្នាំ២០២៣ ដែលខ្ពស់ជាងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ដូចជាវៀតណាម ៧៨,៣% ឥណ្ឌូនេស៊ី ៦៩,៩% និងហ្វីលីពីន ៦២,៨% ជាដើម។
អត្រាដ៏ខ្ពស់នេះ មួយផ្នែកបង្ហាញពីសក្តានុពលនៃកម្លាំងពលកម្ម ដែលចូលរួមចំណែកបម្រើដល់សកម្មភាពសេដ្ឋកិច្ច។ ប៉ុន្តែអត្រានេះក៏បង្ហាញថា យុវជនកម្ពុជាភាគច្រើនបានចាកចេញពីប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលលឿនពេក ចូលទៅក្នុងទីផ្សារការងារជាមួយនឹងកម្រិតអប់រំ និងជំនាញទាប។
ទន្ទឹមនឹងនេះ កម្ពុជាកំពុងប្រឈមនឹងអត្រានៃអ្នកមានការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងកម្រិតខ្ពស់ប្រមាណ ៨៨,៣% ខណៈដែលប្រទេសវៀតណាមមានត្រឹម ៦៧,៧% និងឥណ្ឌូនេស៊ី ៨១,២% ប៉ុណ្ណោះ។ ។ កម្លាំងពលកម្មភាគច្រើននៅកម្ពុជា ស្ថិតនៅតំបន់ជនបទ និងជាអ្នកប្រកបរបរដោយខ្លួនឯង (Own-account workers) ឬជាអ្នកធ្វើការក្នុងគ្រួសារមិនយកកម្រៃ (Unpaid family workers) ដែលមានផលិតភាពការងារទាប មិនទាន់ទទួលបានការគ្របដណ្តប់ពីរបបសន្តិសុខសង្គម និងខ្វះលទ្ធភាពទទួលបានព័ត៌មានអំពីឱកាសបណ្តុះបណ្តាល និង ឱកាសការងារដែលមានផលិតភាព និងតម្លៃបន្ថែមខ្ពស់។ ថ្វីត្បិតតែអត្រានៃអ្នកគ្មានការងារធ្វើមានកម្រិតទាប ប៉ុន្តែបញ្ហានៃការមានការងារធ្វើមិនពេញលេញ (Under-employment) និងភាពមិនបន្ស៊ីគ្នានៃជំនាញ (Skills mismatch) នៅតែជាបញ្ហាប្រឈមដ៏សំខាន់ក្នុងទីផ្សារការងារកម្ពុជា។ ជាក់ស្តែង យោងតាមលទ្ធផលអង្កេតចុងក្រោយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាពមិនបន្ស៊ីគ្នានៃជំនាញក្នុងចំណោមយុវជនដែលមានការងារធ្វើនៅកម្ពុជា មានអត្រាប្រមាណ ៣៥%។ ទោះបីជាសេដ្ឋកិច្ច និងទីផ្សារការងារមានការវិវឌ្ឍវិជ្ជមានក៏ដោយ ប៉ុន្តែសូចនាករទាំងនេះបង្ហាញឱ្យឃើញពីការបាត់បង់សក្តានុពលនៃកម្លាំងពលកម្ម និងការកើតមានគម្លាតផលិតភាពការងារ ធៀបនឹងបណ្តាប្រទេសក្នុងតំបន់។
ទន្ទឹមនេះ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានដូចជាវៀតណាម និងម៉ាឡេស៊ីជាដើម កំពុងជំរុញការវិនិយោគយ៉ាងសកម្មលើជំនាញពាក់ព័ន្ធនឹងស្វ័យប្រវត្តិកម្ម ឌីជីថល បច្ចេកវិទ្យាបៃតង និងការឈានទៅចាប់យកសកម្មភាពសេដ្ឋកិច្ចដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ ក្នុងច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។ ក្នុងបរិការណ៍នៃការផ្លាស់ប្តូរនេះ កម្ពុជាចាំបាច់ត្រូវចាប់យកឱកាសពីបរិវត្តកម្មសេដ្ឋកិច្ច និងសង្គម ព្រមទាំងត្រូវបន្តពង្រឹងគុណភាព និងការត្រៀមខ្លួននៃកម្លាំងពលកម្ម ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។ ជាងនេះទៅទៀត ភាគលាភប្រជាសាស្ត្ររបស់យើង ក៏នឹងថមថយបន្តិចម្តងៗនាពេលអនាគត ដោយឆ្លុះបញ្ចាំងតាមរយៈ អនុបាតអ្នករស់នៅក្នុងបន្ទុកដែលជាប្រជាជនដែលមានអាយុ ៦៥ឆ្នាំឡើង និងកុមារអាយុ ០-១៤ឆ្នាំ ធៀបនឹងប្រជាជនក្នុងអាយុធ្វើការ ១៥-៦៤ឆ្នាំ ត្រូវបានព្យាករថានឹងបន្តមាននិន្នាការថយចុះចាប់ពីចំនួន ០,៥៣ ឆ្នាំ២០២៥ ដល់ចំនួន ០,៥១ នៅឆ្នាំ២០៥០ ទើបនិន្នាការនេះនឹងមានកើនឡើងមកវិញដល់ប្រមាណ ០,៥៦ នៅឆ្នាំ ២០៦០ និង ០,៥៧ នៅឆ្នាំ២០៧០។ និន្នាការទាំងនេះ ទាមទារឱ្យកម្ពុជាត្រូវការគិតគូរជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងការបង្កើនផលិតភាពការងារ ពង្រឹងគុណភាពអប់រំ និងបណ្តុះបណ្តាល ជំនាញ ដោយប្រែក្លាយកម្លាំងពលកម្ម ដែលមានផលិតភាពទាប ឱ្យទៅជាមូលធនមនុស្ស ដែលមានជំនាញ និងផលិតភាពខ្ពស់ ព្រមទាំងបន្តធ្វើឱ្យប្រសើរឡើងនៃសេវាការងារសាធារណៈ និងពង្រឹងប្រព័ន្ធគាំពារសង្គម សំដៅជំរុញកំណើនប្រកបដោយចីរភាព។
ជាងនេះទៅទៀត បងប្អូនពលករខ្មែរប្រមាណ ៩៥ម៉ឺននាក់ ដែលបានវិលត្រឡប់មកវិញជាគំហុក ដោយសារការរើសអើង និងក្តីបារម្ភពីសុវត្ថិភាពបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ថៃ បានធ្វើឱ្យកើនឡើងយ៉ាងគំហុងនៃការផ្គត់ផ្គង់កម្លាំងពលកម្មនៅក្នុងស្រុក (Labour Supply Shock) ដែលទាមទារឱ្យអន្តរគមន៍ទីផ្សារការងារ រហ័ស និងប្រកបដោយភាពបត់បែន។ ជាក់ស្តែង ឆ្លើយតបនឹងស្ថានការនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងសហជីព ដើម្បីស្វែងរកឱកាសការងារក្នុងស្រុកជូនពួកគាត់ តារមយៈ ការរៀបចំពិព័រណ៍ និងវេទិកាការងារនៅមូលដ្ឋានចំនួន៥៧៩ដង ការដាក់ឱ្យដំណើរការប្រព័ន្ធ Hotline ផ្តល់សេវាការងារ ១២ម៉ោងលើ៧ថ្ងៃ,
កាត់បន្ថយលិខិតបទដ្ឋានដើម្បីសម្រួលដល់ការជ្រើសរើស, ជំរុញការប្រមូលនិងផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិកជាដើម ។ ជាលទ្ធផល គិតត្រឹមខែធ្នូ ឆ្នាំ២០២៥នេះ បងប្អូនពលករប្រមាណជាង៣០ម៉ឺននាក់ បានទទួលការងារក្នុងប្រព័ន្ធ តាមរយៈយន្តការរបស់ក្រសួង ខណៈប្រមាណ ៣ម៉ឺននាក់ បានចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលជំនាញ ហើយបច្ចុប្បន្ន ក្រសួងក៏មានឱកាសការងារប្រមាណជាង ៨ម៉ឺនកន្លែង បន្ថែមទៀតនៅក្នុងដៃ។ ដើម្បីពន្លឿនសមាហរណកម្មកម្លាំងពលកម្មទាំងនេះចូលក្នុងទីផ្សារការងារក្នុងស្រុក ក្រៅពីការផ្តល់ការបណ្តុះបណ្តាលជំនាញកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ (C1) រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមទៀត រួមមានការបណ្តុះបណ្តាលតាមលិខិតបញ្ជាក់ និងការបើកឱ្យមានការធ្វើតេស្តទទួលស្គាល់ជំនាញ ចាប់ពីខែមករា ឆ្នាំ២០២៦ នេះតទៅ។ បងប្អូនពលករដែលត្រឡប់មកវិញទាំងអស់ សុទ្ធសឹងជាកម្លាំងពលកម្ម ដែលមានសក្តានុពល ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម និងវែង តាមរយៈការបំពេញកង្វះកម្លាំងពលកម្មក្នុងសកម្មភាពសេដ្ឋកិច្ចជាក់លាក់ និងបំពេញតម្រូវការនៃគម្រោង វិនិយោគថ្មីៗជាច្រើន ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីជាទីគោរព!
អង្គសន្និសីទទាំងមូលជាទីមេត្រី!
ស្ថិតក្នុងបរិការណ៍នៃការប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាសាស្ត្រ បច្ចេកវិទ្យា និងរំហូរកម្លាំងពលកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ មានបុរេសកម្ម និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ ជាក់ស្ដែងនិយម និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្រសួងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយបានបន្តបង្កើត រក្សា និងបង្កើនការងារទាំងបរិមាណ និងគុណភាព, ការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស តាម
រយៈការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញដែលឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម ជាពិសេសការជំរុញការធ្វើ
តេស្តទទួលស្គាលជំនាញ (RPL), ការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (CBT), ភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) និងអភិបាលកិច្ច និងគាំទ្រដោយសេវាការងារសាធារណៈដ៏មានប្រសិទ្ធភាព ដែលជួយបន្ស៊ីតម្រូវការនិងការផ្គត់ផ្គង់កម្លាំងពលកម្ម ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងឱកាសការងារក្រៅប្រទេស ព្រមទាំងបោះពុម្ពផ្សាយរបាយការណ៍អង្កេតទីផ្សារការងារជាប្រចាំ។ ក្រសួងក៏បានកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំ តាមរយៈការបង្កើតយន្តការចរចាប្រាក់ឈ្នួលអប្បបរមា និងការធានាសិទ្ធិសេរីភាពអង្គការ និងការដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព ពង្រឹងអធិការកិច្ចអន្តរក្រសួង និងការធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋាន។ ទន្ទឹមនឹងនេះ ក្រសួងក៏បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស) ពេញលេញ ទាំងផ្នែកហានិភ័យការងារ សុខភាព និងប្រាក់សោធន ដែលបានផ្តល់ការគាំពារយ៉ាងទូលំទូលាយដល់សុខុមាលភាពរបស់កម្មករនិយោជិតគ្រប់ប្រភេទ។
ទោះជាយ៉ាងនេះក្តី ទន្ទឹមនឹងវឌ្ឍនភាពដ៏ល្អប្រសើរនេះ កម្ពុជាក៏កំពុងប្រឈមមុខនឹងបញ្ហាដែលកើតចេញពី ឥទ្ធិពលនៃកត្តាខាងក្រៅ រួមមាន៖ ការប្រែប្រួលភូមិសាស្ត្រនយោបាយ និង
ពហុប៉ូលនិយម, និន្នាការភូមិសាស្ត្រសេដ្ឋកិច្ច, បរិវត្តកម្មឌីជីថល, ក៏ដូចជាបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុជាដើម។ ដោយឡែក សម្រាប់ កត្តាខាងក្នុង វិញ កម្ពុជាក៏កំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនទៀត ដែលទាមទារឱ្យមានការដោះស្រាយរួមគ្នា តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីធានាបាននូវប្រសិទ្ធភាព និងសង្គតិភាពនៃការអនុវត្តការងារ។
ដូច្នេះ សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ក្រោមប្រធានបទ« ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់» ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃនេះមានសារៈសំខាន់ និងរៀបចំត្រូវពេលវេលា ដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលធ្វើទំនើបកម្មកម្លាំងពលកម្ម និងជំនាញ ក្នុងគោលបំណងចម្បងៗ ចំនួន ៤ គឺ៖ ទី១– បង្កើតឱ្យមានកិច្ចសន្ទនាផ្អែកលើភស្តុតាង ,
ទី២-កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍជំនាញសម្រាប់និន្នាការសេដ្ឋកិច្ចថ្មី, ទី៣– កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គម និង ទី៤- ពង្រឹងភាពជាដៃគូពហុភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដើម្បីធានាបាននូវដំណោះស្រាយទីផ្សារការងារកាន់តែមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន និងចីរភាព។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីជាទីគោរព!
អង្គសន្និសីទទាំងមូលជាទីមេត្រី!
សម្រាប់រយៈពេល ២ថ្ងៃខាងមុខនេះ យើងនឹងបានស្ដាប់ការចែករំលែកពីអ្នកជំនាញ និងអ្នកប្រតិបត្តិការងារផ្ទាល់ ព្រមទាំងអាចចូលរួមពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការធ្វើអន្តរកាលកម្លាំងពលកម្មកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចចក្រា, ការ
ពន្លឿននៃការចាប់យកជំនាញសម្រាប់សេដ្ឋកិច្ចថ្មី, សមាហរណកម្មសេដ្ឋកិច្ច និងឱកាសអភិវឌ្ឍន៍ ទាញពីការវិលត្រឡប់របស់ពលករទេសន្តរប្រវេសន៍ខ្មែរ, ដំណើរឆ្ពោះទៅរកទីផ្សារការងារដែលមានភាពធន់, ការងារក្រៅប្រព័ន្ធ, និងប្រព័ន្ធសន្តិសុខសង្គម ដែលឆ្លើយតបទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារ។
តាមរយៈកិច្ចសន្ទនាដោយបើកចំហ និងការចែករំលែកនូវឧត្តមានុវត្តនានា ក្នុងរយៈពេល ២ថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រែក្លាយលទ្ធផលនៃសន្និសីទ ជាឯកសារគោលនយោបាយសង្ខេបដែលអាចអនុវត្តបាន សំដៅផ្តល់ធាតុចូលជាជម្រើសគោលនយោបាយជាតិ និងគោលនយោបាយតាមវិស័យ ក៏ដូចជាធាតុចូលសម្រាប់ការរៀបចំផែនការសកម្មភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អង្គសន្និសីទទាំងមូល នឹងចូលរួមយ៉ាងសកម្មក្នុងការជជែកពិភាក្សាទៅលើឧត្តមានុវត្តទាក់ទងនឹងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបញ្ហាប្រឈមសំខាន់ៗ ដែលយើងកំពុងជួបប្រទះ, ស្វែងយល់ និងជ្រើសរើសយកគោលនយោបាយសេដ្ឋកិច្ច និងការងារ ដែលមានប្រសិទ្ធភាពប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងមានបច្ចេកវិទ្យាឌីជីថលជាមូលដ្ឋាន សម្រាប់គាំទ្រដល់ការងើបឡើងវិញ និងជំរុញភាពធន់រឹតតែខ្លាំង។
ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គសន្និសីទទាំងមូល សូម ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន កុំបីឃ្លៀងឃ្លាតឡើយ។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ តាងនាមអង្គពិធីទាំងមូល ខ្ញុំបាទសូមគោរពអញ្ជើញ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្ដាផ្ដល់សុន្ទរកថា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដើម្បីបើកសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥នាឱកាសនេះដោយក្ដីអនុគ្រោះ។
សូមគោរពអញ្ជើញ!
————————————————–
ឯកឧត្តម ហេង សួរ បច្ចុប្បន្នជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកហើយ។ ក្នុងរយៈពេលជិតពីរទសវត្សរ៍ នៃការបម្រើការងារជូនរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានបង្កើតនូវភាពលេចធ្លោ និង ចូលរួមចំណែកយ៉ាងសំខាន់ៗជាច្រើនមិនអាចបដិសេធបាន។ ឯកឧត្តមរដ្ឋមន្រ្តី ធ្លាប់បានបំពេញតួនាទី ជានាយក ខុទ្ទកាល័យ រដ្ឋលេខាធិការ ព្រមទាំងអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដោយឯកឧត្តម បានចូលបម្រើការជាមន្ត្រីរាជការ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីឆ្នាំ២០០៥ មកម៉្លេះ។ ក្រៅពីតួនាទីក្នុងជួររាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចូលរួមចំណែកយ៉ាងក្លៀវក្លានៅក្នុងសកម្មភាពសង្គមយ៉ាងច្រើន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍ជំនាញ និងធ្លាប់បានកាន់តំណែងជាប្រធានសមាគម អតីតនិស្សិតខ្មែរពីប្រទេសជប៉ុន ចំនួន ២អាណត្តិជាប់គ្នា ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២១ និង ជាធ្លាប់ជាទីប្រឹក្សានៃមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីអនាគតការងារចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសារធារណៈ ជំនាញហិរញ្ញវត្ថុសាធារណៈ ពីសាកលវិទ្យាល័យ Hitotsubashi ទីក្រុងតូក្យូ ប្រទេសជប៉ុន។
His Excellency Heng Sour is currently the Minister of Labour and Vocational Training of the Kingdom of Cambodia and has been a Supreme National Economic Council member for over a decade. His career trajectory in the Royal Government of Cambodia began almost two and a half decades ago; his contribution is also pre-eminent and undeniably crucial. He was conferred responsibility as Director of Cabinet, Secretary of State, Director General of Administration and Finance, and Official in the Ministry of Labour and Vocational Training since 2005. In addition to his governmental responsibilities, he has enthusiastically contributed to social activities. He is a Vice-Chairman of the Skills Development Fund Board, has served 2 terms as President of Japan Alumni of Cambodia from 2008 until 2021, and has participated as an advisor to the Regional Centre for the Future of Work from 2020 to 2022. He holds a Master of Public Policy in Public Finance from Hitotsubashi University, Tokyo, Japan.

Leave a Reply