
វគ្គទី១នេះ មានគោលបំណងផ្តល់នូវទិដ្ឋភាពទូទៅនៃស្ថានភាពទីផ្សារការងារនាពេលបច្ចុប្បន្ននៅតំបន់ ដោយផ្តោតលើគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សក្នុងអាស៊ាន និងគោលនយោបាយការងារនៅកម្ពុជា។ វគ្គនេះក៏នឹងប្រមូលផ្តុំអ្នកជំនាញមកពីខាងរាជរដ្ឋាភិបាល និងអង្គការអន្តរជាតិ ដើម្បីពិភាក្សាអំពីនិន្នាការ និងបញ្ហាប្រឈមចុងក្រោយបំផុតនៅក្នុងទីផ្សារការងារតំបន់ ព្រមទាំងទីផ្សារការងាររបស់កម្ពុជា និងដំណោះស្រាយសម្រាប់ការលើកកម្ពស់កំណើនការងារ។
ការពិភាក្សានេះមានសារៈសំខាន់ដូចខាងក្រោម៖
- ជាវេទិកាមួយសម្រាប់អ្នកជំនាញដើម្បីវិភាគនិន្នាការចុងក្រោយបំផុត បញ្ហាប្រឈម និងឱកាសនៅក្នុងទីផ្សារការងារ នៅក្នុងតំបន់ និងនៅកម្ពុជា ដោយផ្តោតការវិភាគពីបច្ចុប្បន្នភាពនៃទីផ្សារការងារ ព្រមទាំងការដាក់ចេញគោលនយោបាយផ្អែកលើភស្តុតាង និងអន្តរាគមន៍នានាឱ្យចំគោលដៅ។
- ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ នូវតួនាទីសំខាន់ៗនៃសក្ដានុពលទីផ្សារការងារក្នុងការសម្រេចឱ្យបាននូវការចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួចប្រកបដោយជោគជ័យ។
- ការពិភាក្សានេះ ក៏ស្វែងរកធាតុចូលពីរាជរដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ និងអ្នកស្រាវជ្រាវ ក្នុងន័យជំរុញឱ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗក្នុងទីផ្សារការងារ។ ម៉្យាងទៀត ការពិភាក្សានេះក៏ជំរុញឱ្យមានការផ្លាស់ប្តូរចំណេះដឹង និងទស្សនៈដែលអាចនាំទៅរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់កំណើនការងារ។
- តាមរយៈការពិភាក្សា និងបទបង្ហាញរបស់អ្នកជំនាញ ការពិភាក្សាក៏ត្រូវបានរំពឹងថានឹងបង្កើតនូវអនុសាសន៍ គោលនយោបាយ មួយចំនួនដែលមានតម្លៃសម្រាប់អ្នកធ្វើគោលនយោបាយ។ ម្យ៉ាងទៀត អនុសាសន៍ទាំងនេះអាចជូនជាព័ត៌មានអំពីយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍មូលធនមនុស្ស ការបង្កើតការងារ និងការគាំពារសង្គម និងជាចុងក្រោយគាំទ្រដល់ការផ្លាស់ប្តូរប្រកបដោយជោគជ័យរបស់ប្រទេសកម្ពុជាចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។

Leave a Reply