
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំសន្និសីទសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ជាលើកទី២ ដោយបន្តប្តេជ្ញាក្នុងការរៀបចំវេទិកាជាតិប្រចាំឆ្នាំសម្រាប់ការជំរុញកិច្ចសន្ទនាទីផ្សារការងារ និងនវានុវត្តន៍ ក្រោមប្រធានបទ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់»។ សន្និសីទឆ្នាំនេះ នឹងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើទំនើបកម្មកម្លាំងពលកម្មស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ចក្ខុវិស័យរបស់កម្ពុជាឆ្នាំ២០៥០ និងអាទិភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សន្និសីទនេះ គឺជាវេទិកាពិភាក្សាគោលនយោបាយកម្រិតខ្ពស់ ដើម្បីធានានូវសង្គតិភាពរវាងគោលនយោបាយ ជាតិសំខាន់ៗ ចំនួន៤ ដែលសំដៅលើការរៀបចំការងារនាពេលអនាគតរបស់កម្ពុជា។ របៀបវារៈនៃសន្និសីទនេះ ត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ ឱ្យស្របទៅនឹងសេចក្តីព្រាងគោលនយោបាយជាតិស្នូលមួយចំនួនរួមមាន៖ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ2026-2035, គោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ2026-2035, គោលនយោបាយជាតិស្តីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០២៥-២០៣៤, និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ។ របៀបវារៈនេះ ក៏ត្រូវបានបន្ស៊ីជាមួយនឹងដោយចក្ខុវិស័យនៃផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកល (GA) ដែលត្រូវបានអនុម័ត ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងខែធ្នូ ឆ្នាំ២០២៤ ផងដែរ។ ជាមួយគ្នានេះ ខណៈ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណាក់កាលតាក់តែង សន្និសីទនេះ នឹងផ្តល់នូវឱកាសដ៏សំខាន់ដើម្បីធានាថា គោលនយោបាយជាតិទាំងអស់មានសង្គតិភាពរវាងគ្នានឹងគ្នា បំពេញឱ្យគ្នាទៅវិញទៅមក និងអាចអនុវត្តបាន ដើម្បីសម្រេចបានផលជាអតិបរមាសម្រាប់កម្ពុជា ខណៈកម្ពុជាត្រូវពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារការងារក្នុងតំបន់ផងដែរ។

Leave a Reply