Category: About
-
សមាសភាពចូលរួម

សន្និសីទនេះ នឹងមានការប្រមូលផ្តុំអ្នកចូលរួមប្រមាណ ៣៥០នាក់ រួមមាន៖ – តំណាងរាជរដ្ឋាភិបាល និងអ្នកតាក់តែងគោលនយោបាយ (ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) – តំណាងអង្គការអន្តរជាតិ (អង្គការអន្តរជាតិខាងការងារ, កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ធនាគារអភិវឌ្ឍអាស៊ី, ធនាគារពិភពលោក, វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន, លេខាធិការដ្ឋានអាស៊ាន ជាដើម – តំណាងនិយោជក និងសភាពាណិជ្ជកម្ម និងសមាគមពាណិជ្ជកម្ម – បញ្ញាវន្ត និងអ្នកស្រាវជ្រាវផ្នែកទីផ្សារការងារ – តំណាងសហជីព – គ្រឹះស្ថាន TVET និងសាកលវិទ្យាល័យ – អង្គការក្រៅរាជរដ្ឋាភិបាល (NGO) និងអង្គការសង្គមស៊ីវិល រួមទាំងអ្នកទទួលផលពីគំនិតផ្តួចផ្តើមគោលនយោបាយបច្ចុប្បន្ន។
-
សាវតារ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំសន្និសីទសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ជាលើកទី២ ដោយបន្តប្តេជ្ញាក្នុងការរៀបចំវេទិកាជាតិប្រចាំឆ្នាំសម្រាប់ការជំរុញកិច្ចសន្ទនាទីផ្សារការងារ និងនវានុវត្តន៍ ក្រោមប្រធានបទ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់»។ សន្និសីទឆ្នាំនេះ នឹងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើទំនើបកម្មកម្លាំងពលកម្មស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ចក្ខុវិស័យរបស់កម្ពុជាឆ្នាំ២០៥០ និងអាទិភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សន្និសីទនេះ គឺជាវេទិកាពិភាក្សាគោលនយោបាយកម្រិតខ្ពស់ ដើម្បីធានានូវសង្គតិភាពរវាងគោលនយោបាយ ជាតិសំខាន់ៗ ចំនួន៤ ដែលសំដៅលើការរៀបចំការងារនាពេលអនាគតរបស់កម្ពុជា។ របៀបវារៈនៃសន្និសីទនេះ ត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ ឱ្យស្របទៅនឹងសេចក្តីព្រាងគោលនយោបាយជាតិស្នូលមួយចំនួនរួមមាន៖ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ2026-2035, គោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ2026-2035, គោលនយោបាយជាតិស្តីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០២៥-២០៣៤, និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ។ របៀបវារៈនេះ ក៏ត្រូវបានបន្ស៊ីជាមួយនឹងដោយចក្ខុវិស័យនៃផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកល (GA) ដែលត្រូវបានអនុម័ត ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងខែធ្នូ ឆ្នាំ២០២៤ ផងដែរ។…
-
គោលបំណង

១. បង្កើតឱ្យមានកិច្ចសន្ទនាផ្អែកលើភស្តុតាង៖ ចូលរួមដោយអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីផ្លាស់ប្តូរចំណេះដឹង ស្តីពីការប្រែប្រួលនៃទីផ្សារការងារនៅក្នុងបរិបទ សមាហរណកម្មអាស៊ាន សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចចក្រា ។ ២. ពន្លឿនការអភិវឌ្ឍជំនាញសម្រាប់និន្នាការសេដ្ឋកិច្ចថ្មី៖ កំណត់នូវគម្លាតជំនាញ និងបង្កើតយុទ្ធសាស្ត្រសម្រាប់ពង្រឹងកម្លាំងពលកម្មរបស់កម្ពុជានាពេលអនាគត តាមរយៈនវានុវត្តន៍ កំណែទម្រង់វិស័យ TVET ការរៀនសូត្រពេញមួយជីវិត និងការលើកកម្ពស់គោលនយោបាយទីផ្សារការងារសកម្ម ដែលធ្វើឱ្យប្រសើរឡើងនូវផលជះល្អប្រសើរក្នុងទីផ្សារការងារ និងកម្លាំងពលកម្មដែលប្រកបដោយបរិយាបន្ន នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ៣. ពង្រឹងប្រព័ន្ធសន្តិសុខសង្គម៖ ស្វែងយល់ពីតួនាទីរបស់បេឡាជាតិសន្តិសុខសង្គម និងស្ថាប័នផ្សេងទៀតក្នុងការធានាបាននូវការការពារប្រកបដោយបរិយាបន្ន សម្រាប់កម្មករនិយោជិតទាំងអស់។ ៤. ពង្រឹងភាពជាដៃគូពហុភាគី៖ ជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមតួអង្គសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា និងទូទាំងអាស៊ាន ដើម្បីធានាបាននូវដំណោះស្រាយទីផ្សារការងារកាន់តែមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន និងចីរភាព។
