
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំ សន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងរ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួមពីសិក្ខាកាម និងតំណាងអង្គការILO និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើននាក់។

ក្រោមប្រធានបទ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះ ទៅកាន់ ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច សន្និសីទថ្នាក់ជាតិនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ និង១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោល បំណងប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ មកពីស្ថាប័នផ្សេងៗគ្នា ដើម្បីចែករំលែកនូវការយល់ឃើញអំពីនិន្នាការថ្មីៗ។
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងរ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នេះជាសន្និសីទថ្នាក់ជាតិ លើកទី១ ស្តីពីសេដ្ឋកិច្ចការងារ ដើម្បីនាំតួ អង្គពាក់ព័ន្ធទាំងអស់ ក្នុងវិស័យសេដ្ឋកិច្ច ដើម្បីចែករំលែកនូវការយល់ឃើញអំពីនិន្នាការថ្មីៗ និងជំរុញភាពជាដៃគូ និងនវានុវត្តន៍ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈកិច្ចប្រជុំមួយរបស់អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺបានកំណត់ថា នៅឆ្នាំ២០២៩ ជាឆ្នាំដែលកម្ពុជា នឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច។
លោក បន្តថា ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺមានទាំងចំណុចប្រឈម និងឱកាស។ ដើម្បីធានាថា នៅឆ្នាំ ២០២៩ នៅពេលដែលកម្ពុជា ចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនោះ យើងមានលក្ខខណ្ឌបំពេញបន្ថែម ដើម្បីធ្វើយ៉ាងណាធានាបានថា យើងមិនជាប់នៅក្នុងអន្ទាក់នៃបញ្ហាប្រឈមណាមួយនោះទេហើយយើងអាចគ្រប់គ្រងបាន និងធ្វើដំណើរយ៉ាងស្វាហាប់ ដើម្បីពង្រីកឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
គួរបញ្ជាក់ថា សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណងប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ មកពីស្ថាប័នផ្សេងៗគ្នា ដើម្បីចែករំលែកនូវចំណេះដឹង និងការយល់ឃើញអំពីនិន្នាការថ្មីៗ និងការអនុវត្តល្អៗពាក់ព័ន្ធនឹង ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ៕









