លោក ហេង សួរ៖ កម្ពុជាត្រូវការគោលនយោបាយឆ្លើយតប និងយុទ្ធសាស្ត្រដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច

លីងទៅកាន់ព័ត៌មានដើម

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍កាលពីម្សិលមិញថា កម្ពុជាត្រូវការគោលនយោបាយឆ្លើយតបត្រឹមត្រូវ និងយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយឆ្ពោះទៅរកការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច។

អញ្ជើញចូលរួមជាអធិបតីក្នុងសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច” កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក ហេង សួរ បានលើកឡើងថា “ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចអោយបានជោគជ័យ កម្ពុជាចាំបាច់ត្រូវអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មដ៏វែងជាងមុនដើម្បីធ្វើយ៉ាងណាយើងអាចយកវត្ថុធាតុដើម និងវត្ថុធាតុផ្សំផ្សេងៗ ដើម្បីផ្គុំគ្នាទៅផលិតផលចុងក្រោយសម្រាប់ការនាំចេញយ៉ាងហោចណាស់ឲ្យបាន ៦០% ពោលគឺមិនមែនពឹងផ្អែកតែលើប្រាក់បៀវត្សរ៍កម្មករនិយោជិកតែមួយនោះទេ។

សន្និសីទរយៈពេលពីរថ្ងៃបានប្រមូលផ្តុំអ្នកជំនាញមកពីវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈពីស្ថាប័នផ្សេងៗ ដើម្បីចែករំលែកការយល់ដឹងអំពីនិន្នាការថ្មី និងផ្តល់មតិត្រឡប់ដើម្បីលើកកម្ពស់ទីផ្សារការងារកម្ពុជា ក៏ដូចជាការលើកឡើងពីផលប៉ះពាល់នៃការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួច។

លោកបានបន្តថា ដោយផ្អែកលើសមិទ្ធិផលនាពេលកន្លងមក កម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍនតិចតួចពីរដង ពោលគឺលើកទីមួយនៅឆ្នាំ២០២១ និងម្តងទៀតនៅឆ្នាំ២០២៤។

លោកបានបន្ថែមថា “ជាលទ្ធផល កម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ដោយរង់ចាំការប្រកាសជាផ្លូវការដោយមហាសន្និបាតអង្គការសហប្រជាជាតិ។ ឆ្ពោះទៅរកការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតតួច កម្ពុជានឹងជួបទាំងបញ្ហាប្រឈម និងឱកាសដែលទាមទារគោលនយោបាយឆ្លើយតបប្រកបដោយការគិតគូរ និងយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ»។

លោកបានបន្តទៀតថា បញ្ហាប្រឈមមួយចំនួនដែលកើតចេញពីស្ថានភាពនេះ រួមមានការបាត់បង់ការអនុគ្រោះពន្ធពីទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលអត្រានៃ អនុគ្រោះពន្ធមានប្រមាណ៩០ភាគរយ។

លើសពីនេះ កម្ពុជាត្រូវតែគោរពតាមវិធានដើមនៃទំនិញដែលទាមទារឲ្យមានវត្ថុធាតុដើម ធាតុចូលពីប្រទេសកម្ពុជាត្រឹម ៣០% ។ ប៉ុន្តែនៅពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គេទាមទារឲ្យកម្ពុជាត្រូវមានវត្ថុធាតុដើម និងធាតុចូលរបស់ប្រទេសរហូតដល់ ៦០% ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចក៏ជាឱកាសផងដែរដើម្បីឲ្យតួអង្គពាក់ព័ន្ធទាំងអស់នឹងខិតខំបន្ថែមទៀតដើម្បីធ្វើពិពិធកម្មឧស្សាហកម្ម ពង្រឹងសមត្ថភាពសេដ្ឋកិច្ចរបស់ខ្លួន រួមមានការបង្កើនតម្លៃបន្ថែមនៅក្នុងវិស័យឧស្សាហកម្ម និងកសិឧស្សាហកម្ម និងទីផ្សារនាំចេញ ការជំរុញការប្រើប្រាស់ក្នុងស្រុក និងការវិនិយោគ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ និងការទទួលយកបច្ចេកវិទ្យាឌីជីថល។

បន្ថែមលើនេះ ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចអនុញ្ញាតឱ្យកម្ពុជាផ្តោតលើការពង្រឹងធនធានមនុស្ស ការបង្កើតគំរូក្នុងស្រុកដើម្បីបង្កើនបរិយាកាសធុរកិច្ច និងការកសាងទំនាក់ទំនងឧស្សាហកម្មក្នុងស្រុកតាមរយៈការធ្វើសមាហរណកម្ម។

លោកបានអោយដឹងទៀតថា កំណើនការងារក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មបានបង្ហាញពីសុទិដ្ឋិនិយមខ្លាំង ដោយចំនួនការងារសរុបកើនឡើងពី ៩.៨ លានក្នុងឆ្នាំ២០២៣ ដល់១០.១ លានក្នុងឆ្នាំ២០២៥។

តំណាងអង្គការ UNDP ប្រចាំកម្ពុជា លោកស្រី Alissar Chaker បានមានប្រសាសន៍ថា ការពិភាក្សានេះគឺជាពេលវេលាត្រឹមត្រូវ និងមានសារៈសំខាន់សម្រាប់កម្ពុជា ដោយសាររដ្ឋាភិបាលរៀបចំខ្លួនក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចអោយបានរលូន ។ ហើយការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចនាពេលខាងមុខនេះ នឹងបង្ហាញពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ចាប់តាំងពីកម្ពុជាត្រូវបានបញ្ចូលក្នុងបញ្ជីប្រទេសអភិវឌ្ឍតិចតួចក្នុងឆ្នាំ ១៩៩១។

លោកស្រីបានមានប្រសាសន៍ថា ជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ ភាគរយក្នុងមួយឆ្នាំសម្រាប់រយៈពេលពីរទស្សវត្សរ៍ចុងក្រោយមុន Covid-19 និងការវិនិយោគលើធនធានមនុស្ស កម្ពុជាអាចធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវសូចនាករសេដ្ឋកិច្ចសង្គមរបស់ខ្លួន។ ជាឧទាហរណ៍ មុនពេលមានជំងឺរាតត្បាត កម្ពុជាបានកាត់បន្ថយអត្រាភាពក្រីក្រ ពី៤៧.៨ភាគរយក្នុងឆ្នាំ២០០៧ មកត្រឹម ១៧.៨ ភាគរយក្នុងឆ្នាំ២០១៩។

លោកស្រីបានបន្ថែមថា “ខណៈដែលយើងជួបជុំគ្នានៅថ្ងៃនេះ វាជារឿងសំខាន់ដើម្បីឆ្លុះបញ្ចាំងពីដំណើរ របស់ប្រទេសដែលមានរហូតមកដល់សព្វថ្ងៃនេះ។ វឌ្ឍនភាពរបស់កម្ពុជាក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកគឺគួរឲ្យកត់សម្គាល់។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវទទួលស្គាល់ថាការផ្លាស់ប្តូរនាពេលខាងមុខនឹងនាំមកនូវបញ្ហាប្រឈម និងការទាញយកសក្តានុពលនៃឱកាស។

លោកស្រីបានបញ្ជាក់ថា បញ្ហាដ៏សំខាន់មួយដែលកម្ពុជាប្រឈមគឺការធានាថាទីផ្សារការងារត្រូវបានរៀបចំឡើងដើម្បីគាំទ្រកំណើនជាតិ និងបំពេញតម្រូវការនៃសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

លោក Oktavianto Pasaribu នាយករង និងជាតំណាងអង្គការ ILO បានមានប្រសាសន៍ថា ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩ គឺពិតជាទាមទារច្រើន “ពីព្រោះអ្វីដែលអ្នកចង់សម្រេចបាននឹងត្រូវសម្រេចក្នុងរយៈពេលតិចជាង ៥ ឆ្នាំ”។

លោកបានមានប្រសាសន៍ថា “អង្គការ ILO មានមោទនភាពក្នុងការគាំទ្រដល់សន្និសីទនេះ ហើយគំនិតផ្តួចផ្តើមដែលកំពុងដំណើរការរបស់យើងនៅក្នុងប្រទេសកម្ពុជានឹងបន្តលើកកម្ពស់គោលនយោបាយការងារ ការកគាំពារសង្គម និងការបណ្តុះបណ្តាល។

យើងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតរបស់យើង ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីសម្រេចបាននូវគោលបំណងនៃសន្និសីទនេះ។

យើងប្តេជ្ញាសហការជាមួយដៃគូអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតរបស់យើង ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីសម្រេចបាននូវគោលបំណងនៃសន្និសីទនេះ។

លោកបានបន្ថែមថា សន្និសីទនេះគឺជាជំហានដ៏សំខាន់មួយក្នុងការរៀបចំគោលនយោបាយទីផ្សារការងាររបស់កម្ពុជា និងធ្វើអោយកម្ពុជាត្រៀមខ្លួនសម្រាប់លក្ខខណ្ឌនានានៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច ។

Discover more from Labour Economic Conference

Subscribe now to keep reading and get access to the full archive.

Continue reading