

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ជាលើកទី២ ក្រោមប្រធានបទ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់» នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមវត្ដមានលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នាឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីសារសំខាន់នៃវេទិកានេះថា ជាឱកាសសម្រាប់ជំរុញកិច្ចសហការ និងការផ្លាស់ប្តូរចំណេះដឹង សំដៅតម្រង់ទិសទស្សនវិស័យការងារឱ្យមានសង្គតិភាព ទៅនឹងការវិវត្តសេដ្ឋកិច្ចសង្គម។ បន្ថែមពីនេះ លោករដ្ឋមន្ដ្រីការងារ បានលើកឡើងពីគោលបំណងចម្បងចំនួន៤ នៃសន្និសីទនេះ គឺដើម្បីជំរុញដំណោះស្រាយទីផ្សារការងារប្រកបដោយបរិយាបន្ន និងចីរភាព ដោយបង្កើតឱ្យមានកិច្ចសន្ទនាផ្អែកលើភស្តុតាង, កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍជំនាញ សម្រាប់និន្នាការសេដ្ឋកិច្ចថ្មី, កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គម និងពង្រឹងភាពជាដៃគូពហុភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។
ទន្ទឹមនោះ លោកក៏បានបញ្ជាក់ថា ក្រសួងបាននឹងកំពុងអនុវត្តវិធានការជាយុទ្ធសាស្ត្រដើម្បីធ្វើទំនើបកម្មទីផ្សារការងារដូចជា កំណែទម្រង់ TVET និង RPL ដែលជំរុញឱ្យ TVET ផ្តោតលើជំនាញសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ រួមមាន ជំនាញសេដ្ឋកិច្ចចក្រា (Circular Economy) ដូចជាការជួសជុល និងផលិតឡើងវិញ, ការគ្រប់គ្រងចំណាកស្រុក និងកំណែទម្រង់ច្បាប់, សន្តិសុខសង្គម និងការងារក្រៅប្រព័ន្ធ តាមរយៈ កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ (Global Accelerator) (២០២៤-២០២៨) និងការជំរុញការកែលម្អរថយន្ត ដឹកកម្មករនិយោជិត និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ព្រមទាំងប្តេជ្ញាលុបបំបាត់អំពើហិង្សា និងការបៀតបៀន ទាក់ទងនឹងយេនឌ័រនៅក្នុងកន្លែងការងារ ដើម្បីបង្កើន ផលិតភាព និងគុណភាពការងារ។
ថ្លែងក្នុងពិធីបើកសន្និសីទនេះដែរ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា សន្និសីទនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការរៀបចំ និងការបង្ស៊ីគោលនយោបាយជាតិ ព្រមទាំងបង្កើនសហថាមពល (Synergy) នៃការអនុវត្តនៅក្នុង “ជវភាពនៃប្រព័ន្ធតួអង្គតែមួយនៃទីផ្សារការងារ”។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូទាំងអស់ ដែលបានរួមគ្នាខិតខំសម្រេចគោលដៅ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី១។
លោក អូន ព័ន្ធមុន្នីរ័ត្ន បានណែនាំឱ្យផ្តោតសំខាន់លើការបង្កើតសហថាមពល (Synergy) និងបញ្ចូលទស្សនវិស័យ ការប្រមើលអនាគត (Foresight) ទៅក្នុងសសរស្តម្ភជាតិសំខាន់ៗដូចជា មុខរបរ និងការងារ, ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ទេសន្តរប្រវេសន៍ការងារ។ លោកក៏បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវបន្តខិតខំផ្លាស់ប្តូររចនាសម្ព័ន្ធការងារឆ្ពោះទៅការពឹងផ្អែកលើពលករជំនាញមធ្យម និងខ្ពស់ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់សម្រាប់ការកសាងភាពធន់នៃទីផ្សារការងារ ពិសេសត្រៀមលក្ខណៈសម្រាប់ការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅឆ្នាំ ២០២៩។
សូមបញ្ជាក់ថា សន្និសីទថ្នាក់ជាតិនេះមានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងស្ថានទូតនានា និងអគ្គលេខាធិការដ្ឋានអាស៊ាន, តំណាងអង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍, តំណាងនិយោជក និងកម្មករនិយោជិត, ព្រមទាំង លោក លោកស្រី ជាសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ សរុបប្រមាណ ៣៥០នាក់៕
