លោក Julien Magnat អ្នកឯកទេសជំនាញ និងការងារ នៃក្រុមការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) ទីក្រុងបាងកក

លោក Julien Magnat គឺជាអ្នកឯកទេសផ្នែកជំនាញនៅអង្គការ ILO ដែលមានបទពិសោធន៍អន្តរជាតិជាង ២០ ឆ្នាំ លើវិស័យដែលពាក់ព័ន្ធនឹងការងារ ការអភិវឌ្ឍជំនាញ និងការផ្លាស់ប្តូរទីផ្សារការងារ។ បទពិសោធន៍ការងាររបស់លោកគ្របដណ្តប់លើតំបន់អាស៊ី និងប៉ាស៊ីហ្វិក អាមេរិកឡាទីន និងការ៉ាប៊ីន ព្រមទាំងតំបន់មជ្ឈិមបូព៌ា ដោយរួមបញ្ចូលទាំងតួនាទីដឹកនាំនៅថ្នាក់ប្រទេស ការចូលរួមលើការតាក់តែងគោលនយោបាយសកល និងបទពិសោធន៍ប្រតិបត្តិការក្នុងបរិបទក្រោយវិបត្តិ។ កន្លងមក លោកធ្លាប់កាន់តួនាទីជាអ្នកសម្របសម្រួលប្រចាំប្រទេសរបស់ ILO នៅប្រទេសហៃទី (Haiti) និងជាទីប្រឹក្សារបស់ជំនួយការអគ្គនាយក ILO ទទួលបន្ទុកផ្នែកការងារ និងការការពារសង្គម ដោយបានផ្សារភ្ជាប់បទពិសោធន៍ជាក់ស្តែងនៅតាមមូលដ្ឋាន ជាមួយនឹងការចូលរួមលើការងារយុទ្ធសាស្ត្រ។
បច្ចុប្បន្ន លោកកំពុងបំពេញតួនាទីជាអ្នកឯកទេសផ្នែកជំនាញរបស់ ILO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោយផ្តល់ប្រឹក្សាដល់រដ្ឋាភិបាល អង្គការតំណាងនិយោជក និងអង្គការតំណាងកម្មករនិយោជិត អំពីការពង្រឹងប្រព័ន្ធជំនាញ ការលើកកម្ពស់កម្មវិធីហ្វឹកហ្វឺនការងារ (apprenticeships) ប្រកបដោយគុណភាព និងការត្រៀមលក្ខណៈកម្លាំងពលកម្មសម្រាប់ការផ្លាស់ប្តូរបច្ចេកវិទ្យា។ លើសពីនេះ លោកក៏ជួយសម្របសម្រួលការងាររបស់ ILO នៅកម្រិតសកល ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (Artificial Intelligence) និងការផ្លាស់ប្តូរពិភពនៃការងារ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការប្រែក្លាយបច្ចេកវិទ្យាថ្មីៗ ឱ្យទៅជាដំណោះស្រាយជាក់ស្តែងសម្រាប់ការអភិវឌ្ឍជំនាញ ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។