សុន្ទរកថាឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកសន្និសីទ​ថ្នាក់​ជាតិស្តី​ពី​សេដ្ឋកិច្ច​ការងារ ​ឆ្នាំ​២០២៤

ក្រោម​ប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និង​ដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច»

​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤, សណ្ឋាគារ​ សូហ្វីតែល ភ្នំពេញភូគីត្រា

សូមគោរព …………………………………………………………………………………………….!

ជាបឋម ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ខ្លួនខ្ញុំ​ផ្ទាល់ ខ្ញុំសូម​សម្តែ​ង​​នូ​វក្តីសោមនស្សរីករាយយ៉ាង​ក្រៃលែង ​ដោយ​បាន​ចូលរួមជាអធិបតី​ក្នុងពិធី​បើកសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៤​ ក្រោមប្រធានបទ«ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច»។ នេះជាប្រធានបទដ៏មានសារៈសំខាន់ និងរៀបចំត្រូវពេលវេលា ដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលឆ្លងកាត់ការវាយតម្លៃ ដើម្បីត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ខ្ញុំ​សូមស្វាគមន៍ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង​ កញ្ញា មកពីក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ តំណាង​និយោជក តំណាង​កម្មករ​និយោជិត តំណាង​អង្គការ​ជាតិ អន្តរជាតិ ដៃ​គូ​អភិវឌ្ឍន៍ សមាគម សាស្ត្រាចារ្យ អ្នក​ជំនាញ អ្នក​សិក្សាស្រាវ​ជ្រាវ ភ្ញៀវ​កិត្តិយស​​ជាតិ និង​អន្តរជាតិទាំងអស់​ ដែលមាន​វត្តមាន​ក្នុង​ព្រឹក​នេះ សរុបប្រមាណ​ ២៥០​នាក់។​

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ រួមមាន កម្មវិធី​អភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការអភិវឌ្ឍ​និងសហប្រតិបត្តិការ (SDC) សមាគម​វាយនភណ្ឌ​ សម្លៀក​បំពាក់ ស្បែកជើងនិង​ផលិតផលធ្វើដំណើរ​នៅកម្ពុជា (TAFTAC) សមាគមកម្ពុជា-ជប៉ុន គិបូ និងដៃគូជាតិនិងអន្តរជាតិផ្សេងទៀត ដែលបានចូលរួមឧបត្ថម្ភគាំទ្រទាំងថវិកា និង​បច្ចេកទេស​​​ក្នុងការរៀបចំសន្និសីទនេះឡើង។ ខ្ញុំ​សូម​

សន្និសីទសេដ្ឋកិច្ចការងារ ក្នុងរយៈពេល ២ ថ្ងៃនេះ មានគោលបំណងចម្បងៗ ចំនួន ៤ គឺ ទី១– ប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យ​ការ​ងារ សន្តិសុខសង្គម និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ មកពីស្ថាប័ន​​​​​ផ្សេងៗគ្នា ដើម្បីចែករំលែកនូវការយល់ឃើញអំពីនិន្នាការថ្មីៗ ​និងផ្តល់មតិ​យោបល់ ដើម្បីជំរុញទីផ្សារ​​ការងារនៅកម្ពុជាឱ្យកាន់តែមានជវភាព ព្រមទាំងបង្ហាញ​ពី​ផល​​ជះក្រោយពីការចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍតិចតួច​របស់កម្ពុជា។ ទី២– ចែករំលែកការយល់ដឹង និងការអនុវត្តល្អៗ​ ពាក់​ព័ន្ធនឹងការបណ្តុះបណ្តាល​ជំនាញ​​បច្ចេកទេស និងវិជ្ជាជីវៈ ពីតំណាងនៃវិស័យឯកជន អ្នកតាក់តែងគោលន​យោបាយ បញ្ញវន្ត និងអ្នកសិក្សាស្រាវជ្រាវផ្សេងៗទៀត។ ទី៣– ជំរុញការពិភាក្សា និងផ្តល់ធាតុចូលជាយុទ្ធសាស្រ្ត ដើម្បីធានាថាកម្លាំង​ពលកម្ម​​កម្ពុជា ត្រូវបានបំពេញតាមតម្រូវការនៃយុគសម័យឌីជីថល និងបរិការណ៍​នៃ​ការ​ប្រែប្រួលស្ថានភាពសេដ្ឋកិច្ច និងសង្គម។​ ទី៤-​ ជំរុញភាពជាដៃគូ និង​​នវានុវត្តន៍ ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារ​ការងារ។ ​

អង្គសន្និសីទទាំងមូលជាទីមេត្រី!

ផ្អែកលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងស្ថិរភាព​​នយោបាយដ៏រឹងមាំ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ ជាក់ស្ដែងនិយម និងប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​​កម្ពុជា​ បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋាន​គ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់។

ជាការពិត កំណើនសេដ្ឋកិច្ចបន្តបន្ទាប់រយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ បានចូលរួមផ្លាស់ប្តូរ​រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ច ដែលពឹងផ្អែកលើកសិកម្មប្រពៃណី ទៅកាន់សេដ្ឋកិច្ច ដែលពឹងផ្អែកកាន់តែច្រើនទៅលើវិស័យឧស្សាហកម្ម កសិកម្មវៃឆ្លាត និងសេវាកម្ម ដែល​មានតម្លៃបន្ថែមកាន់តែខ្ពស់ ខណៈការតភ្ជាប់ទៅនឹងច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ ទាំងក្នុងតំបន់ និងសកល កាន់តែស៊ីជម្រៅ និងប្រទាក់ក្រឡាកាន់តែខ្លាំង។

ជាក់ស្តែង នៅក្នុងឆ្នាំ២០០០ វិស័យឧស្សាហកម្មកម្ពុជា មានសមាមាត្រតែ ២២% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ខណៈវិស័យកសិកម្មមាន ៣៦% និងសេវាកម្មមាន ៣៨% នៃទំហំ ផ.ស.ស.។ មកដល់ឆ្នាំ២០២៣ រចនាសម័្ពន្ធសេដ្ឋកិច្ចនេះ ត្រូវបានផ្លាស់ប្តូរយ៉ាង​ខ្លាំង ពោលគឺវិស័យឧស្សាហកម្មកើនឡើងដល់ទៅ ៤២%, វិស័យកសិកម្មថយដល់ ១៥% រីឯវិស័យសេវាកម្មមានសមាមាត្រ ៣៧% នៃ ផ.ស.ស.។ ក្នុងឆ្នាំ២០២៣ វិស័យការងារនៃកម្លាំងពលកម្មកម្ពុជា ក្នុង​វិស័យឧស្សាហកម្ម​កើនឡើងពី ៣០% នៃកម្លាំងពលកម្មសរុប ខណៈចំនួនការងារក្នុងវិស័យកសិកម្មបានថយចុះមកត្រឹម ៣១% ចំណែកឯវិស័យសេវាកម្មបានផ្តល់ការងារប្រហែល ៤០% នៃចំនួនការងារសរុប។ បើធៀបទៅនឹងឆ្នាំ២០០០ រចនាសម័្ពន្ធវិស័យការងារ ពិតជាមានការប្រែប្រួលខ្លាំង​ ពោលគឺនៅក្នុងឆ្នាំ២០០០ វិស័យកសិកម្មបានដើរតួចម្បងក្នុងការបង្កើតការងារ ដែលមានសមាមាត្រ ៧២%, វិស័យឧស្សាហកម្មមានត្រឹមតែ ៨% និងវិស័យសេវាកម្មមាន ២០% នៃទំហំការងារសរុប។

មិនតែប៉ុណ្ណោះ ភាពធន់នៃរចនាសម័្ពន្ធសេដ្ឋកិច្ចកម្ពុជា ក៏នឹងជំរុញការបង្កើតការងារបន្ថែមទៀតតាមអនុវិស័យផ្សេងៗ។ តាមការសិក្សារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា កំណើនចំនួនការ​ងារ ក្នុងឆ្នាំ២០២៤ និង២០២៥ សម្រាប់វិស័យឧស្សាហកម្ម និងសេវាកម្មរបស់កម្ពុជា មានភាពធន់ខ្លាំង ពោលគឺវិស័យឧស្សាហកម្ម ដែលត្រូវបានព្យាករថា មានកំណើនការងារ ១,៩% និង ២,៦% ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ និងវិស័យសេវាកម្ម ដែលត្រូវបានព្យាករថា មានកំណើនការងារ​ ៣,១% និង ៤,៦% ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ចំណែក ចំនួនការងារក្នុងវិស័យកសិកម្មវិញ​ ត្រូវបានព្យាករថា នឹងថយចុះក្នុងអត្រា ៣,៥% ក្នុងឆ្នាំ២០​២៤ និង ៣,៦% ក្នុងឆ្នាំ២០២៥ ដែលនេះជាសញ្ញាវិជ្ជមានក្នុងដំណើរឆ្ពោះទៅរកបរិបទឧស្សាហូបនីយកម្មកម្ពុជា។ និយាយជារួម កំណើនការងារ ក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម បានបង្ហា​ញ​ពីភាពសុទិដ្ឋិនិយមខ្លាំង ពោលគឺ ចំនួនការងារសរុបកើនពី ៩,៨លាន​នាក់ ក្នុងឆ្នាំ២០២៣ ដល់ ១០,១លាននាក់ ក្នុងឆ្នាំ២០២៥។

យោងតាមអាទិភាពគន្លឹះនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះ​បណ្តាល​​វិជ្ជាជីវៈ ២០២៤-២០២៨ ដែលជាឯកសារគោល និង​ជាត្រីវិស័យ​ចង្អុល​​បង្ហាញ​នូវយុទ្ធ​សាស្រ្ត​គន្លឹះ កម្មវិធីអាទិភាព ចង្កោម​សកម្មភាព និង​សកម្មភាព​ការងារ ដែលក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ និងគ្រប់តួអង្គពាក់ព័ន្ធ​ទាំង​អស់​ត្រូវអនុវត្ត និងសម្រេចឱ្យបាន​សម្រាប់រយៈពេល ៥ឆ្នាំ​ខាងមុខ។

ជាមួយគ្នានេះដែរ សន្និសីទ​ថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ​ឆ្នាំ​២០២៤ គឺជាសកម្មភាពមួយ​យ៉ាង​សំខាន់ ស្របតាម ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍វិស័យ​ការងារ សន្តិសុខសង្គម និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ២០២៤-២០២៨ ដែលរៀបចំ​ឡើង​ក្នុង​គោល​​ដៅ ជំរុញ​កិច្ច​សហការ ផ្លាស់ប្តូរ​ចំណេះដឹង និងនវានុវត្តន៍ និងស្វែង​យល់​​ពីបញ្ហា​ប្រឈម ដើម្បី​ស្វែងរក​ដំណោះស្រាយ​​សំខាន់ៗ​​ជុំ​វិញ​ការ​ស្តារ​សេដ្ឋកិច្ច និង​ការងា​រ​ និងឱកាសក្នុងការធ្វើឱ្យ​ប្រសើរ​ឡើង​​នៃទីផ្សារ​ការងារ ខណៈ​ដែល​​កម្ពុជា​រៀបចំ​សម្រា​ប់​ការ​ចាកចេញពី​ក្រុម​ប្រទេស​​អភិវឌ្ឍន៍​​តិច​តួច ​នាពេលដ៏ខ្លីខាងមុខនេះ។

-អង្គសន្និសីទជាទីមេត្រី

យោងតាមសមិទ្ធផលនៃការអភិវឌ្ឍនាកន្លងមកនេះ កម្ពុជាបានសម្រេចនូវលក្ខណ​វិនិច្ឆ័យ​សម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍ​តិចតួច ចំនួន ២លើក រួច​មក​​ហើយ។ លើកទី១ នៅក្នុងឆ្នាំ២០២១ និងលើកទី២ នៅ​ក្នុង​ឆ្នាំ២០២៤។ ជា​លទ្ធផល ប្រទេសកម្ពុជា ត្រូវបានកំណត់​ថា នឹងអាចចាកចេញ​ពី​ចំណាត់​​​​ក្រុមប្រទេសអភិវឌ្ឍតិច​តួច​ជាផ្លូវការនៅក្នុងឆ្នាំ២០២៩ ទោះស្ថិតក្នុងការរង់ចាំ​ការ​ប្រកាស​ជាផ្លូវការរបស់មហា​សន្និបាត​​​​សហប្រជាជាតិ។​

ដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាក៏នឹងជួបប្រទះទាំងបញ្ហាប្រឈម និងឱកាស ដែលតម្រូវឱ្យមានគោលនយោបាយឆ្លើយតប ប្រកបដោយការគិតគូរ​ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ បញ្ហាប្រឈមមួយចំនួន ដែលកើតចេញពីការចាកចេញនេះ មាន​ជាអាទិ៍ ការបាត់បង់ការអនុគ្រោះពន្ធពីទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា ដូចជា សហភាពអឺរ៉ុប (EU) និងសហរដ្ឋអាម៉េរិក ដែលអត្រាប្រើប្រាស់​ការអនុគ្រោះពន្ធ​​មានដល់ទៅប្រមាណ ៩០%។ បន្ថែមលើនេះ ប្រទេសកម្ពុជាក៏​ត្រូវគោរព​តាមលក្ខខណ្ឌ​វិធានដើមកំណើតទំនិញ (Rule of Origin) ដែលលក្ខខណ្ឌកំណត់អត្រា​វត្ថុធាតុ​ដើម​ក្នុងស្រុក (Local Content) ដែលបានប្រើប្រាស់​ក្នុងផលិតកម្ម​ត្រូវកើន​ពី ៣០% នាពេល​បច្ចុប្បន្នដល់ ៦០% ក្រោយពេលចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ក្នុងន័យនេះ សម្រាប់ផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ត្រូវអនុវត្តការបំប្លែងទ្វេដង (Double Transformation) ដែលមានន័យថា ផលិតផលនាំចេញត្រូវឆ្លងកាត់ការបំប្លែងពីរដង ដែលដំណាក់កាលទី១ គឺការផលិត​ផលិតផលក្រណាត់ និងដំណាក់​កាលទី២ គឺការកាត់ដេរ និងតម្រឹម។ ក្រៅពីនោះ កម្ពុជាក៏ត្រូវបាត់បង់​ការពន្យាពេលអនុវត្តកិច្ចព្រមព្រៀងលើកម្ម​សិទ្ធិបញ្ញាពាក់​ព័ន្ធនឹង​ពាណិជ្ជកម្ម មានន័យថា កម្ពុជានឹងត្រូវធ្វើការវាយតម្លៃ និងផ្តល់ការការពារកម្មសិទ្ធិបញ្ញា ដល់អ្នកដែល​បានស្នើសុំ​ការ​ការពារ។ បន្ថែមលើនេះ ជំនួយកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍអាចនឹងត្រូវថយចុះផងដែរ។ បញ្ហាប្រឈមទាំងនេះ អាចនឹងមានផលប៉ះពាល់មួយចំនួនដល់ភាពមានការងារធ្វើ និងរចនា​សម្ព័ន្ធ​ការងាររបស់កម្ពុជា។

ស្របជាមួយនឹងបញ្ហាប្រឈម ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នឹងផ្តល់​នូវកាលានុវត្តភាពមួយចំនួនសម្រាប់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការបង្កើន​តម្លៃបន្ថែមក្នុងវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម, ការធ្វើពិពិធកម្ម​ឧស្សាហកម្ម និងទីផ្សារនាំចេញ, ការបង្កើនការប្រើប្រាស់ និងវិនិយោគក្នុងស្រុក, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និងការចាប់យកបច្ចេកវិទ្យាឌីជីថល, ការពង្រឹង​មូលធនមនុស្ស, ការកែទម្រង់ក្នុងស្រុកដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរៈកិច្ច, ការតភ្ជាប់ឧស្សាហកម្មក្នុងស្រុក (Backward and Forward Linkages) ជាដើម។

បន្ថែមលើវិបាកនៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ កម្ពុជាក៏​កំពុងប្រឈមទៅនឹងបញ្ហាទីផ្សារការងារកាន់តែមានភាពស្មុគស្មាញ និងប្រទាក់ក្រឡាគ្នាដែលត្រូវដោះស្រាយទាំងបញ្ហាលំហូរព័ត៌មានទីផ្សារការងារ (Frictional Labour Market Issues) រចនាសម្ព័ន្ធទីផ្សារការងារ (Structural Labour Market Issues) និងបម្រែបម្រួលនៃវដ្តទីផ្សារការងារ (Cyclical Labour Market Issues) ដែលបណ្តាល មកពី៖

  • ការ​រាំងស្ទះនូវលំហូរព័ត៌មាន រវាងអ្នកស្វែងរកការងារ និយោជកដែលផ្តល់ការងារ និងគ្រឹះស្ថាន​ផ្តល់ការ​អប់រំបណ្តុះបណ្តាល ដែលបណ្តាលមកពីការខ្វះ​ព័ត៌មាន​អំពី​ឱកាស​ការងារ​​និងជំនាញ​ដែល​និយោជក​ត្រូវការ និងភាពមិនស៊ីគ្នារវាង​ការផ្គត់ផ្គង់​និងតម្រូវការកម្លាំង​ពលកម្ម។
  • ការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ទៅកាន់​វិស័យ​ឧស្សាហកម្ម និងវិស័យ​សេវាកម្ម​​​កាន់​តែ​ស៊ីជម្រៅ ដោយពឹងផ្អែកខ្លាំងលើក​ម្លាំងពលកម្មជំនាញ និងផលិតភាព​​​ការងារ​ខ្ពស់ និងជំរុញ​ការទាក់ទាញ​វិនិយោគផ្ទាល់​ពីបរទេស ជាពិសេសការចាប់​យក​ឱកាសនៃខ្សែច្រវាក់តម្លៃ ដែលបង្វែរ​ពីប្រទេសនានា​ក្នុងតំបន់ និងឱកាស​​ពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែល​ជាបច្ច័យជួយ​បង្កើត​ឱកាសការងារ ដែលទាម​ទារ​​កម្លាំងពលកម្មមានជំនាញមធ្យម និង​ខ្ពស់កាន់តែខ្លាំង។
  • និន្នាការប្រជាសាស្ត្រ បានដាក់សម្ពាធឱ្យមានការបង្កើតការងារថ្មីៗ​កាន់តែ​មាន​គុណភាពល្អ សម្រាប់កម្លាំងពលកម្មថ្មីដែលដល់អាយុចូលធ្វើការ ព្រមទាំង​សម្រាប់​​អ្នកបន្ត​ចាកចេញពីវិស័យកសិកម្ម និងសម្រាប់ទាញយកភាគលាភ​ប្រជាសាស្ត្រ​​ជាអតិបរមា ព្រមទាំងសម្ពាធ​នៃការកើនឡើងនៃចំនួនតម្រូវការនៃការអប់រំ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈដែលមានស្របជាមួយ​តម្រូវការទីផ្សារការងារ។ ប៉ុន្តែនិន្នាការ​ប្រជាសាស្រ្ត​ក៏បានបង្កលក្ខណៈកាន់​តែប្រសើរ ក្នុងការពង្រីករបប​សន្តិសុខសង្គម ជាពិសេស ការសន្សំសម្រាប់វិនិយោគលើ​ការកសាង​មូលធនមនុស្ស​​ជំនាន់​បច្ចុប្បន្ន និងជំនាន់​បន្ទាប់។
  • ការរីកចម្រើនបច្ចេកវិទ្យាថ្មី​យ៉ាងឆាប់​រហ័ស​ ដែលនាំឱ្យ​កើតមានឡើង​នូវ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ កំពុងជះ​ឥទ្ធិពល​​ឱ្យ​មាន​ការផ្លាស់​​ប្តូរ​យ៉ាងខ្លាំង​​នូវរបៀប​របបប្រតិបត្តិការធុរកិច្ច និង​ការបំពេញការងារ និង​តម្រូវ​ការ​​ជំនាញ​គ្រប់​ប្រភេទកាន់តែខ្ពស់ ព្រមទាំងការជំនួសកម្លាំងពលកម្មមនុស្ស​ដោយម៉ាស៊ីន​ស្វ័យ​ប្រវត្តិកម្ម និងបញ្ញាសិប្បនិមិ្មត (Artificial Intelligence) ដែលអាចនាំឱ្យ​បាត់បង់​ការងារ​ជាពិសេស ក្នុងចំណោមអ្នកមានជំនាញទាប និងគ្មានជំនាញ។
  • អត្រាខ្ពស់នៃអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការកើនឡើងនៃប្រភេទ​ការងារ​តាមថ្នាល​​បច្ចេកវិទ្យា ដូចជាអ្នកដឹកជញ្ជូនម្ហូបអាហារជាដើម ដែលទាមទារកា​រ​គិតគូរបន្ថែម ដល់ការរៀបចំនូវលិខិតបទដ្ឋានគតិយុត្តិថ្មីបន្ថែមដើម្បីធានាបាននូវលក្ខខណ្ឌ​ការងារ និងការទទួល​បាន​របប​សន្តិសុខសង្គម។

ទន្ទឹមនឹងនេះ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងទីផ្សារការងារសកល​ បាននិងកំពុងជះឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលលើកម្ពុជា ដែលទាមទារ​ឱ្យ​រាជរដ្ឋាភិបាល ​ត្រូវមានការគិតគូរ​ប្រកបដោយភាព​បុរេ​សកម្ម ក្នុងការកំណត់​នូវ​វិធានការ​គោលនយោបាយនានា ដើម្បីធានាថា កម្ពុជា​នៅ​តែអាចរក្សាបាននូវ​ទីផ្សារការងារ​ល្អប្រសើរ និងបង្កើតឱកាស​ការងារជូនប្រជាពលរដ្ឋជាពិសេសយុវជន ស្របពេលដែលកម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខ។

ជាការពិត ដំណើរ​ឆ្ពោះ​ទៅកាន់ការ​ចាកចេញ​ពីក្រុម​​ប្រទេស​អភិវឌ្ឍន៍​​​​​តិចតួច យើងមាន​ទាំង​​កាលានុវត្តភាព និង​មានទាំង​​កម្មវិបាកលើសេដ្ឋកិច្ច និង​សង្គម​ ដែល​មិន​អាច​ជៀស​បាន។ ជារួម កម្ពុជាត្រូវ​ការធ្វើបន្តនូវពិពិធកម្ម​រចនាសម័្ពន្ធសេដ្ឋកិច្ច ក្នុងកម្រិតសុភបរមា ទៅកាន់វិស័យឧស្សាហកម្មអាទិភាព ដែលយើងមានឧត្តមភាពប្រៀធៀប ជំរុញប្រសិទ្ធភាពនៃការនាំចេញ ចីរភាព​កំណើនផលិតផល និងបរិយាបន្នការងារ​, ពង្រឹងការ​បណ្តុះ​បណ្តាល​កម្លាំង​ព​​ល​កម្ម ដែលស្របទៅ​នឹងគោលនយោបាយ​ឧស្សាហូបនីកម្ម ​ដើម្បីឆ្លើយតបនឹងតម្រូវការពលកម្ម​​ជំនាញ​នាពេល​អនាគត​ និង​ពង្រីក​​​​លទ្ធភាព​​​គាំ​ពារ​សង្គមសម្រាប់​ជនដែល​ងាយ​រង​គ្រោះ ដោយមិនទុកនរណាម្នា​ក់​ចោល​ឡើយ ដែលនេះជាយន្តការបែងចែកធនធាន និងផលនៃការអភិវឌ្ឍឱ្យកាន់តែមានសមធម៌ និងសក្ដិសិទ្ធិភាព។

អង្គសន្និសីទទាំងមូលជាទីមេត្រី!

សម្រាប់រយៈពេល ២ថ្ងៃខាងមុខនេះ យើងនឹងបានស្ដាប់ការចែករំលែកពីអ្នកជំនាញ និងអ្នកប្រតិបត្តិការងារផ្ទាល់ ព្រមទាំងអាចចូលរួមពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖

ទី១–   បម្រែបម្រួលនៃទីផ្សារការងារ និងគោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់​សម្រាប់កំណើន​ការងារប្រកបដោយបរិយាបន្ន

ទី២–   ផែនទីបង្ហាញផ្លូវ ស្តីពីយុទ្ធសាស្ត្រនៃការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ការត្រៀមខ្លួនក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច

ទី៣– តួនាទីនៃគោលនយោបាយទីផ្សារការងារសកម្ម ក្នុងការ​លើក​កម្ពស់​សមិទ្ធផល​ទីផ្សា​​រ​​​ការងារ

ទី៤–   ការអភិវឌ្ឍជំនាញសម្រាប់កសាងកម្លាំងពលកម្ម ប្រកបដោយភាព​ប្រកួត​ប្រជែង

ទី៥–   ការពង្រឹងប្រព័ន្ធសន្តិសុខសង្គម ដើម្បី​លើក​កម្ពស់​ភាពធន់នៃទីផ្សារ​ការងារ និង​ជំរុញ​ការចូលរួម​ទៅក្នុងសេដ្ឋកិច្ច​ក្នុងប្រព័ន្ធ។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អង្គសន្និសីទទាំងអស់នឹងចូលរួមសកម្មក្នុងការជជែកពិភាក្សាទៅលើឧត្តមានុវត្តទាក់ទងនឹងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបញ្ហាប្រឈមសំខាន់ៗ ដែលយើងកំពុងជួបប្រទះ។ ស្វែងយល់ ​និងជ្រើសរើយយកគោលនយោបាយសេដ្ឋកិច្ច និងការងារ ដែលមានប្រសិទ្ធភាពប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងមានបច្ចេកវិទ្យាឌីជីថលជាមូលដ្ឋាន សម្រាប់គាំទ្រដល់ការងើបឡើងវិញ និងជំរុញភាពធន់រឹតតែខ្លាំង។ មិនតែប៉ុណ្ណោះ ខ្ញុំក៏សង្ឃឹមថា អង្គសន្និសីទទាំងអស់ នឹងចូលរួមផ្តល់ធាតុចូល និងដាក់ចេញនូវដំ​ណោះ​ស្រាយ ដែលអាចអនុវត្តបាន សម្រាប់បញ្ហាប្រឈម ធ្វើយ៉ាងណា​ឱ្យការបែងចែកធនធានប្រកប​ដោយ​ចីរភាព និងបរិយាបន្ន។

ខ្ញុំ​សូម​​ជូន​ពរ​ឱ្យ​សន្និសីទ​​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤ នេះ ​ប្រព្រឹត្តទៅដោយ​ជោគ​ជ័យ ប្រកប​ដោយ​​ផ្លែ​ផ្កា និងសូម​​ប្រកាស​បើក​សន្និសីទថ្នាក់ជាតិ ស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ក្រោមប្រធាន​បទ «ការងើប​ឡើង​វិញ​នៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់​ការចាក​ចេញ​​​ពីក្រុមប្រទេស​អភិវឌ្ឍន៍​តិច​តួច» នា​ពេលនេះ​​។

សូមអរគុណ!

Discover more from Labour Economic Conference

Subscribe now to keep reading and get access to the full archive.

Continue reading