
ក្រោមប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច»
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤, សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា
សូមគោរព …………………………………………………………………………………………….!
ជាបឋម ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ក្រោមប្រធានបទ«ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច»។ នេះជាប្រធានបទដ៏មានសារៈសំខាន់ និងរៀបចំត្រូវពេលវេលា ដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលឆ្លងកាត់ការវាយតម្លៃ ដើម្បីត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។
ខ្ញុំសូមស្វាគមន៍ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក តំណាងកម្មករនិយោជិត តំណាងអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សមាគម សាស្ត្រាចារ្យ អ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលមានវត្តមានក្នុងព្រឹកនេះ សរុបប្រមាណ ២៥០នាក់។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ រួមមាន កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សមាគមកម្ពុជា-ជប៉ុន គិបូ និងដៃគូជាតិនិងអន្តរជាតិផ្សេងទៀត ដែលបានចូលរួមឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសក្នុងការរៀបចំសន្និសីទនេះឡើង។ ខ្ញុំសូម
សន្និសីទសេដ្ឋកិច្ចការងារ ក្នុងរយៈពេល ២ ថ្ងៃនេះ មានគោលបំណងចម្បងៗ ចំនួន ៤ គឺ ទី១– ប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកពីស្ថាប័នផ្សេងៗគ្នា ដើម្បីចែករំលែកនូវការយល់ឃើញអំពីនិន្នាការថ្មីៗ និងផ្តល់មតិយោបល់ ដើម្បីជំរុញទីផ្សារការងារនៅកម្ពុជាឱ្យកាន់តែមានជវភាព ព្រមទាំងបង្ហាញពីផលជះក្រោយពីការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចរបស់កម្ពុជា។ ទី២– ចែករំលែកការយល់ដឹង និងការអនុវត្តល្អៗ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីតំណាងនៃវិស័យឯកជន អ្នកតាក់តែងគោលនយោបាយ បញ្ញវន្ត និងអ្នកសិក្សាស្រាវជ្រាវផ្សេងៗទៀត។ ទី៣– ជំរុញការពិភាក្សា និងផ្តល់ធាតុចូលជាយុទ្ធសាស្រ្ត ដើម្បីធានាថាកម្លាំងពលកម្មកម្ពុជា ត្រូវបានបំពេញតាមតម្រូវការនៃយុគសម័យឌីជីថល និងបរិការណ៍នៃការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច និងសង្គម។ ទី៤- ជំរុញភាពជាដៃគូ និងនវានុវត្តន៍ ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារ។
អង្គសន្និសីទទាំងមូលជាទីមេត្រី!
ផ្អែកលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងស្ថិរភាពនយោបាយដ៏រឹងមាំ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ ជាក់ស្ដែងនិយម និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់។
ជាការពិត កំណើនសេដ្ឋកិច្ចបន្តបន្ទាប់រយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ បានចូលរួមផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ច ដែលពឹងផ្អែកលើកសិកម្មប្រពៃណី ទៅកាន់សេដ្ឋកិច្ច ដែលពឹងផ្អែកកាន់តែច្រើនទៅលើវិស័យឧស្សាហកម្ម កសិកម្មវៃឆ្លាត និងសេវាកម្ម ដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ ខណៈការតភ្ជាប់ទៅនឹងច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ ទាំងក្នុងតំបន់ និងសកល កាន់តែស៊ីជម្រៅ និងប្រទាក់ក្រឡាកាន់តែខ្លាំង។
ជាក់ស្តែង នៅក្នុងឆ្នាំ២០០០ វិស័យឧស្សាហកម្មកម្ពុជា មានសមាមាត្រតែ ២២% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ខណៈវិស័យកសិកម្មមាន ៣៦% និងសេវាកម្មមាន ៣៨% នៃទំហំ ផ.ស.ស.។ មកដល់ឆ្នាំ២០២៣ រចនាសម័្ពន្ធសេដ្ឋកិច្ចនេះ ត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំង ពោលគឺវិស័យឧស្សាហកម្មកើនឡើងដល់ទៅ ៤២%, វិស័យកសិកម្មថយដល់ ១៥% រីឯវិស័យសេវាកម្មមានសមាមាត្រ ៣៧% នៃ ផ.ស.ស.។ ក្នុងឆ្នាំ២០២៣ វិស័យការងារនៃកម្លាំងពលកម្មកម្ពុជា ក្នុងវិស័យឧស្សាហកម្មកើនឡើងពី ៣០% នៃកម្លាំងពលកម្មសរុប ខណៈចំនួនការងារក្នុងវិស័យកសិកម្មបានថយចុះមកត្រឹម ៣១% ចំណែកឯវិស័យសេវាកម្មបានផ្តល់ការងារប្រហែល ៤០% នៃចំនួនការងារសរុប។ បើធៀបទៅនឹងឆ្នាំ២០០០ រចនាសម័្ពន្ធវិស័យការងារ ពិតជាមានការប្រែប្រួលខ្លាំង ពោលគឺនៅក្នុងឆ្នាំ២០០០ វិស័យកសិកម្មបានដើរតួចម្បងក្នុងការបង្កើតការងារ ដែលមានសមាមាត្រ ៧២%, វិស័យឧស្សាហកម្មមានត្រឹមតែ ៨% និងវិស័យសេវាកម្មមាន ២០% នៃទំហំការងារសរុប។
មិនតែប៉ុណ្ណោះ ភាពធន់នៃរចនាសម័្ពន្ធសេដ្ឋកិច្ចកម្ពុជា ក៏នឹងជំរុញការបង្កើតការងារបន្ថែមទៀតតាមអនុវិស័យផ្សេងៗ។ តាមការសិក្សារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា កំណើនចំនួនការងារ ក្នុងឆ្នាំ២០២៤ និង២០២៥ សម្រាប់វិស័យឧស្សាហកម្ម និងសេវាកម្មរបស់កម្ពុជា មានភាពធន់ខ្លាំង ពោលគឺវិស័យឧស្សាហកម្ម ដែលត្រូវបានព្យាករថា មានកំណើនការងារ ១,៩% និង ២,៦% ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ និងវិស័យសេវាកម្ម ដែលត្រូវបានព្យាករថា មានកំណើនការងារ ៣,១% និង ៤,៦% ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ចំណែក ចំនួនការងារក្នុងវិស័យកសិកម្មវិញ ត្រូវបានព្យាករថា នឹងថយចុះក្នុងអត្រា ៣,៥% ក្នុងឆ្នាំ២០២៤ និង ៣,៦% ក្នុងឆ្នាំ២០២៥ ដែលនេះជាសញ្ញាវិជ្ជមានក្នុងដំណើរឆ្ពោះទៅរកបរិបទឧស្សាហូបនីយកម្មកម្ពុជា។ និយាយជារួម កំណើនការងារ ក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម បានបង្ហាញពីភាពសុទិដ្ឋិនិយមខ្លាំង ពោលគឺ ចំនួនការងារសរុបកើនពី ៩,៨លាននាក់ ក្នុងឆ្នាំ២០២៣ ដល់ ១០,១លាននាក់ ក្នុងឆ្នាំ២០២៥។
យោងតាមអាទិភាពគន្លឹះនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដែលជាឯកសារគោល និងជាត្រីវិស័យចង្អុលបង្ហាញនូវយុទ្ធសាស្រ្តគន្លឹះ កម្មវិធីអាទិភាព ចង្កោមសកម្មភាព និងសកម្មភាពការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវអនុវត្ត និងសម្រេចឱ្យបានសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។
ជាមួយគ្នានេះដែរ សន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ គឺជាសកម្មភាពមួយយ៉ាងសំខាន់ ស្របតាម ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដែលរៀបចំឡើងក្នុងគោលដៅ ជំរុញកិច្ចសហការ ផ្លាស់ប្តូរចំណេះដឹង និងនវានុវត្តន៍ និងស្វែងយល់ពីបញ្ហាប្រឈម ដើម្បីស្វែងរកដំណោះស្រាយសំខាន់ៗជុំវិញការស្តារសេដ្ឋកិច្ច និងការងារ និងឱកាសក្នុងការធ្វើឱ្យប្រសើរឡើងនៃទីផ្សារការងារ ខណៈដែលកម្ពុជារៀបចំសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នាពេលដ៏ខ្លីខាងមុខនេះ។
-អង្គសន្និសីទជាទីមេត្រី
យោងតាមសមិទ្ធផលនៃការអភិវឌ្ឍនាកន្លងមកនេះ កម្ពុជាបានសម្រេចនូវលក្ខណវិនិច្ឆ័យសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ចំនួន ២លើក រួចមកហើយ។ លើកទី១ នៅក្នុងឆ្នាំ២០២១ និងលើកទី២ នៅក្នុងឆ្នាំ២០២៤។ ជាលទ្ធផល ប្រទេសកម្ពុជា ត្រូវបានកំណត់ថា នឹងអាចចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការនៅក្នុងឆ្នាំ២០២៩ ទោះស្ថិតក្នុងការរង់ចាំការប្រកាសជាផ្លូវការរបស់មហាសន្និបាតសហប្រជាជាតិ។
ដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាក៏នឹងជួបប្រទះទាំងបញ្ហាប្រឈម និងឱកាស ដែលតម្រូវឱ្យមានគោលនយោបាយឆ្លើយតប ប្រកបដោយការគិតគូរជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ បញ្ហាប្រឈមមួយចំនួន ដែលកើតចេញពីការចាកចេញនេះ មានជាអាទិ៍ ការបាត់បង់ការអនុគ្រោះពន្ធពីទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា ដូចជា សហភាពអឺរ៉ុប (EU) និងសហរដ្ឋអាម៉េរិក ដែលអត្រាប្រើប្រាស់ការអនុគ្រោះពន្ធមានដល់ទៅប្រមាណ ៩០%។ បន្ថែមលើនេះ ប្រទេសកម្ពុជាក៏ត្រូវគោរពតាមលក្ខខណ្ឌវិធានដើមកំណើតទំនិញ (Rule of Origin) ដែលលក្ខខណ្ឌកំណត់អត្រាវត្ថុធាតុដើមក្នុងស្រុក (Local Content) ដែលបានប្រើប្រាស់ក្នុងផលិតកម្មត្រូវកើនពី ៣០% នាពេលបច្ចុប្បន្នដល់ ៦០% ក្រោយពេលចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ក្នុងន័យនេះ សម្រាប់ផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ត្រូវអនុវត្តការបំប្លែងទ្វេដង (Double Transformation) ដែលមានន័យថា ផលិតផលនាំចេញត្រូវឆ្លងកាត់ការបំប្លែងពីរដង ដែលដំណាក់កាលទី១ គឺការផលិតផលិតផលក្រណាត់ និងដំណាក់កាលទី២ គឺការកាត់ដេរ និងតម្រឹម។ ក្រៅពីនោះ កម្ពុជាក៏ត្រូវបាត់បង់ការពន្យាពេលអនុវត្តកិច្ចព្រមព្រៀងលើកម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងពាណិជ្ជកម្ម មានន័យថា កម្ពុជានឹងត្រូវធ្វើការវាយតម្លៃ និងផ្តល់ការការពារកម្មសិទ្ធិបញ្ញា ដល់អ្នកដែលបានស្នើសុំការការពារ។ បន្ថែមលើនេះ ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍអាចនឹងត្រូវថយចុះផងដែរ។ បញ្ហាប្រឈមទាំងនេះ អាចនឹងមានផលប៉ះពាល់មួយចំនួនដល់ភាពមានការងារធ្វើ និងរចនាសម្ព័ន្ធការងាររបស់កម្ពុជា។
ស្របជាមួយនឹងបញ្ហាប្រឈម ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នឹងផ្តល់នូវកាលានុវត្តភាពមួយចំនួនសម្រាប់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការបង្កើនតម្លៃបន្ថែមក្នុងវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម, ការធ្វើពិពិធកម្មឧស្សាហកម្ម និងទីផ្សារនាំចេញ, ការបង្កើនការប្រើប្រាស់ និងវិនិយោគក្នុងស្រុក, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និងការចាប់យកបច្ចេកវិទ្យាឌីជីថល, ការពង្រឹងមូលធនមនុស្ស, ការកែទម្រង់ក្នុងស្រុកដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរៈកិច្ច, ការតភ្ជាប់ឧស្សាហកម្មក្នុងស្រុក (Backward and Forward Linkages) ជាដើម។
បន្ថែមលើវិបាកនៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ កម្ពុជាក៏កំពុងប្រឈមទៅនឹងបញ្ហាទីផ្សារការងារកាន់តែមានភាពស្មុគស្មាញ និងប្រទាក់ក្រឡាគ្នាដែលត្រូវដោះស្រាយទាំងបញ្ហាលំហូរព័ត៌មានទីផ្សារការងារ (Frictional Labour Market Issues) រចនាសម្ព័ន្ធទីផ្សារការងារ (Structural Labour Market Issues) និងបម្រែបម្រួលនៃវដ្តទីផ្សារការងារ (Cyclical Labour Market Issues) ដែលបណ្តាល មកពី៖
- ការរាំងស្ទះនូវលំហូរព័ត៌មាន រវាងអ្នកស្វែងរកការងារ និយោជកដែលផ្តល់ការងារ និងគ្រឹះស្ថានផ្តល់ការអប់រំបណ្តុះបណ្តាល ដែលបណ្តាលមកពីការខ្វះព័ត៌មានអំពីឱកាសការងារនិងជំនាញដែលនិយោជកត្រូវការ និងភាពមិនស៊ីគ្នារវាងការផ្គត់ផ្គង់និងតម្រូវការកម្លាំងពលកម្ម។
- ការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចទៅកាន់វិស័យឧស្សាហកម្ម និងវិស័យសេវាកម្មកាន់តែស៊ីជម្រៅ ដោយពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មជំនាញ និងផលិតភាពការងារខ្ពស់ និងជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ជាពិសេសការចាប់យកឱកាសនៃខ្សែច្រវាក់តម្លៃ ដែលបង្វែរពីប្រទេសនានាក្នុងតំបន់ និងឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាបច្ច័យជួយបង្កើតឱកាសការងារ ដែលទាមទារកម្លាំងពលកម្មមានជំនាញមធ្យម និងខ្ពស់កាន់តែខ្លាំង។
- និន្នាការប្រជាសាស្ត្រ បានដាក់សម្ពាធឱ្យមានការបង្កើតការងារថ្មីៗកាន់តែមានគុណភាពល្អ សម្រាប់កម្លាំងពលកម្មថ្មីដែលដល់អាយុចូលធ្វើការ ព្រមទាំងសម្រាប់អ្នកបន្តចាកចេញពីវិស័យកសិកម្ម និងសម្រាប់ទាញយកភាគលាភប្រជាសាស្ត្រជាអតិបរមា ព្រមទាំងសម្ពាធនៃការកើនឡើងនៃចំនួនតម្រូវការនៃការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានស្របជាមួយតម្រូវការទីផ្សារការងារ។ ប៉ុន្តែនិន្នាការប្រជាសាស្រ្តក៏បានបង្កលក្ខណៈកាន់តែប្រសើរ ក្នុងការពង្រីករបបសន្តិសុខសង្គម ជាពិសេស ការសន្សំសម្រាប់វិនិយោគលើការកសាងមូលធនមនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់បន្ទាប់។
- ការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស ដែលនាំឱ្យកើតមានឡើងនូវបដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុងជះឥទ្ធិពលឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបរបបប្រតិបត្តិការធុរកិច្ច និងការបំពេញការងារ និងតម្រូវការជំនាញគ្រប់ប្រភេទកាន់តែខ្ពស់ ព្រមទាំងការជំនួសកម្លាំងពលកម្មមនុស្សដោយម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិមិ្មត (Artificial Intelligence) ដែលអាចនាំឱ្យបាត់បង់ការងារជាពិសេស ក្នុងចំណោមអ្នកមានជំនាញទាប និងគ្មានជំនាញ។
- អត្រាខ្ពស់នៃអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការកើនឡើងនៃប្រភេទការងារតាមថ្នាលបច្ចេកវិទ្យា ដូចជាអ្នកដឹកជញ្ជូនម្ហូបអាហារជាដើម ដែលទាមទារការគិតគូរបន្ថែម ដល់ការរៀបចំនូវលិខិតបទដ្ឋានគតិយុត្តិថ្មីបន្ថែមដើម្បីធានាបាននូវលក្ខខណ្ឌការងារ និងការទទួលបានរបបសន្តិសុខសង្គម។
ទន្ទឹមនឹងនេះ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងទីផ្សារការងារសកល បាននិងកំពុងជះឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលលើកម្ពុជា ដែលទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវមានការគិតគូរប្រកបដោយភាពបុរេសកម្ម ក្នុងការកំណត់នូវវិធានការគោលនយោបាយនានា ដើម្បីធានាថា កម្ពុជានៅតែអាចរក្សាបាននូវទីផ្សារការងារល្អប្រសើរ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាពិសេសយុវជន ស្របពេលដែលកម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខ។
ជាការពិត ដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច យើងមានទាំងកាលានុវត្តភាព និងមានទាំងកម្មវិបាកលើសេដ្ឋកិច្ច និងសង្គម ដែលមិនអាចជៀសបាន។ ជារួម កម្ពុជាត្រូវការធ្វើបន្តនូវពិពិធកម្មរចនាសម័្ពន្ធសេដ្ឋកិច្ច ក្នុងកម្រិតសុភបរមា ទៅកាន់វិស័យឧស្សាហកម្មអាទិភាព ដែលយើងមានឧត្តមភាពប្រៀធៀប ជំរុញប្រសិទ្ធភាពនៃការនាំចេញ ចីរភាពកំណើនផលិតផល និងបរិយាបន្នការងារ, ពង្រឹងការបណ្តុះបណ្តាលកម្លាំងពលកម្ម ដែលស្របទៅនឹងគោលនយោបាយឧស្សាហូបនីកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការពលកម្មជំនាញនាពេលអនាគត និងពង្រីកលទ្ធភាពគាំពារសង្គមសម្រាប់ជនដែលងាយរងគ្រោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ ដែលនេះជាយន្តការបែងចែកធនធាន និងផលនៃការអភិវឌ្ឍឱ្យកាន់តែមានសមធម៌ និងសក្ដិសិទ្ធិភាព។
អង្គសន្និសីទទាំងមូលជាទីមេត្រី!
សម្រាប់រយៈពេល ២ថ្ងៃខាងមុខនេះ យើងនឹងបានស្ដាប់ការចែករំលែកពីអ្នកជំនាញ និងអ្នកប្រតិបត្តិការងារផ្ទាល់ ព្រមទាំងអាចចូលរួមពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖
ទី១– បម្រែបម្រួលនៃទីផ្សារការងារ និងគោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់សម្រាប់កំណើនការងារប្រកបដោយបរិយាបន្ន
ទី២– ផែនទីបង្ហាញផ្លូវ ស្តីពីយុទ្ធសាស្ត្រនៃការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ការត្រៀមខ្លួនក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច
ទី៣– តួនាទីនៃគោលនយោបាយទីផ្សារការងារសកម្ម ក្នុងការលើកកម្ពស់សមិទ្ធផលទីផ្សារការងារ
ទី៤– ការអភិវឌ្ឍជំនាញសម្រាប់កសាងកម្លាំងពលកម្ម ប្រកបដោយភាពប្រកួតប្រជែង
ទី៥– ការពង្រឹងប្រព័ន្ធសន្តិសុខសង្គម ដើម្បីលើកកម្ពស់ភាពធន់នៃទីផ្សារការងារ និងជំរុញការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អង្គសន្និសីទទាំងអស់នឹងចូលរួមសកម្មក្នុងការជជែកពិភាក្សាទៅលើឧត្តមានុវត្តទាក់ទងនឹងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបញ្ហាប្រឈមសំខាន់ៗ ដែលយើងកំពុងជួបប្រទះ។ ស្វែងយល់ និងជ្រើសរើយយកគោលនយោបាយសេដ្ឋកិច្ច និងការងារ ដែលមានប្រសិទ្ធភាពប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងមានបច្ចេកវិទ្យាឌីជីថលជាមូលដ្ឋាន សម្រាប់គាំទ្រដល់ការងើបឡើងវិញ និងជំរុញភាពធន់រឹតតែខ្លាំង។ មិនតែប៉ុណ្ណោះ ខ្ញុំក៏សង្ឃឹមថា អង្គសន្និសីទទាំងអស់ នឹងចូលរួមផ្តល់ធាតុចូល និងដាក់ចេញនូវដំណោះស្រាយ ដែលអាចអនុវត្តបាន សម្រាប់បញ្ហាប្រឈម ធ្វើយ៉ាងណាឱ្យការបែងចែកធនធានប្រកបដោយចីរភាព និងបរិយាបន្ន។
ខ្ញុំសូមជូនពរឱ្យសន្និសីទថ្នាក់ជាតិ ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយផ្លែផ្កា និងសូមប្រកាសបើកសន្និសីទថ្នាក់ជាតិ ស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» នាពេលនេះ។
សូមអរគុណ!

Leave a Reply