Category: 2024-speakers-session 4
-
ឯកឧត្តមបណ្ឌិត អ៊ុំ ច័ន្ទមនោ ទីប្រឹក្សាអម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

«បម្រែបម្រួលទីផ្សារការងារនៅកម្ពុជា៖ តម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម» (PDF) ឯកឧត្តមបណ្ឌិត អ៊ុំ ច័ន្ទមនោ ជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមបណ្ឌិត ធ្លាប់ជាអ្នកដឹកនាំ និងជាអ្នកផ្តល់ប្រឹក្សាលើគម្រោងស្រាវជ្រាវជាច្រើនសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដូចជា Australian Award Cambodia, CAVAC CARITAS Australia , DFAT, JICA, IOM, UNOPS, និង USAID ជាដើម។ ឯកឧត្តមបណ្ឌិត មានបទពិសោធន៍ និងចំណាប់អារម្មណ៍ក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងសេដ្ឋកិច្ចការងារ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ឥណទានខ្នាតតូច ការធ្វើចំណាកស្រុក និងប្រាក់បញ្ញើពីបរទេស។
-
លោកស្រី Mary Kent អ្នកជំនាញការផ្នែកភាពមានការងារធ្វើ នៃអង្គការអន្តរជាតិខាងការងារ (ILO)

«ការបន្ស៊ីប្រព័ន្ធជំនាញ សម្រាប់អន្តរកាលប្រកបដោយបរិយាបន្ន និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» (PDF) លោកស្រីម៉ារី ជាអ្នកជំនាញថ្នាក់តំបន់ផ្នែកជំនាញ, ភាពមានការងារធ្វើ និង TVET។ លោកស្រី មានបទពិសោធន៍ធ្វើការជាង ២០ឆ្នាំ ជាមួយរាជរដ្ឋាភិបាល គ្រឹះស្ថាន TVET, ឧស្សាហកម្ម និងតំណាងកម្មករនិយោជិត។ លោកស្រី បានចូលរួមចំណែក ក្នុងការអភិវឌ្ឍគោលនយោបាយ កម្មវិធីធំៗ និងភាពជាដៃគូអន្តរជាតិនៅ ១៦ ប្រទេស រួមមាន ចក្រភពអង់គ្លេស ប្រទេសចិន និងអាហ្វ្រិកខាងត្បូង។ មុនពេលចូលបម្រើការងារនៅ ILO លោកស្រីបានបម្រើការជានាយករងនៅមហាវិទ្យាល័យ Cardiff និង Vale ដោយបាន ប្រែក្លាយទៅជាស្ថាប័នវិជ្ជាជីវៈដ៏ធំបំផុតមួយក្នុងចំណោមស្ថាប័នផ្សេងទៀតនៅចក្រភពអង់គ្លេស។ លោកស្រីក៏ធ្លាប់បានធ្វើការជានាយក នៅ Hays Plc ផ្តោតលើបញ្ហាកង្វះជំនាញក្នុងវិស័យអាទិភាព។ លោកស្រី មានជំនាញ ដូចជា ការបញ្ជ្រាបយេនឌ័រ ពិការភាព និងគោលនយោបាយ ឧស្សាហកម្មបៃតង ហើយក៏បានទទួលបានសញ្ញាបត្រ ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច។
-
ឯកឧត្តម ប៊ុន បូពិត ជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តម ប៊ុន បូពិត ជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្នុងនោះ ឯកឧត្តមចូលរួម ក្នុងការសិក្សាលើគម្រោងផ្សេងៗ ដើម្បីលើកស្ទួយគោលនយោបាយ និងការអភិវឌ្ឍទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម កំពុងបន្តសិក្សាថ្នាក់បណ្ឌិតផ្នែកការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន ហើយបានទទួលសញ្ញាបត្រជាន់ខ្ពស់ផ្នែក សេដ្ឋកិច្ចពីសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសជប៉ុន។ ឯកឧត្តម មានចំណាប់អារម្មណ៍ចំពោះ ការសិក្សាស្រាវជ្រាវទៅលើថាមវន្ត នៃទីផ្សារការងារ ការវិនិយោគដោយផ្ទាល់ពីបរទេស និង គោលនយោបាយសេដ្ឋកិច្ច។ បន្ថែមពីនេះ ការរួមចំណែកក្នុងផ្នែកសិក្សាស្រាវជ្រាវរបស់ឯកឧត្តម រួមមាន៖ អត្ថបទដែលត្រូវបានបោះពុម្ពផ្សាយក្នុងទិនានុប្បវត្តិសមាហរណកម្មសេដ្ឋកិច្ច។
-
លោក ម៉ា សុភា មន្ត្រីជាន់ខ្ពស់ផ្នែកសង្គមនៃ ធនាគារអភិវឌ្ឍន៍អាសុី

លោក ម៉ា សុភា បានចូលបម្រើការនៅធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឆ្នាំ២០០៣ និងបម្រើការជាមន្ត្រីគម្រោងជាន់ខ្ពស់ (ការអប់រំ និងជំនាញ) និងចូលរួមជាអ្នកដឹកនាំបេសកកម្មសម្រាប់គម្រោង និងកម្មវិធីក្នុងវិស័យអប់រំ និងជំនាញ។ មុនពេលបម្រើការងារជាមួយ ADB លោក ម៉ា សុភា ធ្លាប់ជាអ្នកគ្រប់គ្រងកម្មវិធីជាតិ និងជាប្រធានទីប្រឹក្សាបច្ចេកទេសសម្រាប់អង្គការអន្តរជាតិខាងការងារ (ILO) ពីឆ្នាំ១៩៩៥ ដោយបម្រើការនៅក្នុងប្រទេសកម្ពុជា និងបង់ក្លាដែស (២០០៩-២០១១)។
-
លោកបណ្ឌិត ឆន ឌីណា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម

លោកបណ្ឌិត ឆន ឌីណា បច្ចុប្បន្នជានាយកមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចអភិវឌ្ឍន៍ និងពាណិជ្ជកម្មនៅវិទ្យាស្ថានបណ្ដុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។ លោកបណ្ឌិតជាសេដ្ឋវិទូជ្រើសរើសដោយ គណៈកម្មការសហភាពអឺរ៉ុប (European Commission) ក្រោមកម្មវិធី Marie Skłodowska-Curie Actions ទៅកាន់កិច្ចប្រជុំ The 7th Lindau Nobel Laureate Meetings នៅក្នុងប្រទេសអាល្លឺម៉ង់។ លោកបណ្ឌិតបានបញ្ចប់ការស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Lausanne នៃប្រទេសស្វីស និងបានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Bordeaux នៃប្រទេសបារាំង ហើយបានបង្រៀន មុខជំនាញ Econometrics និង Statistics នៅទីនោះផងដែរ។
