Category: 2024-speakers-session 2
-
Dr. Iván González de Alba សេដ្ឋកិច្ចវិទូ នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា

«ផលប៉ះពាល់ នៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច លើសង្គម សេដ្ឋកិច្ច៖ មាគ៌ាសម្រាប់ការអភិវឌ្ឍមូលធនមនុស្ស» (PDF) លោកបណ្ឌិត Iván ជាសេដ្ឋវិទូជាន់ខ្ពស់នៃ អង្គការ UNDP ប្រចាំនៅកម្ពុជាតាំងពីខែសីហា ឆ្នាំ២០២០ ដោយលោកបណ្ឌិតដឹកនាំ និងត្រួតពិនិត្យ ការងារលើ ពហុវិមាត្រនៃភាពក្រីក្រ និងភាពងាយរងគ្រោះ កិច្ចគាំពារសង្គមដើម្បីបញ្ចប់ភាពទីទាល់ក្រ ការវាយតម្លៃផលប៉ះពាល់ គំរូម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយសេដ្ឋកិច្ច ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ និងជួយដល់ដំណើរនៃការបញ្ចប់ភាពក្រីក្ររបស់ប្រទេសអភិវឌ្ឍន៍តិចតួច។ លោកបណ្ឌិតបាន សហការជាមួយសមភាគីសំខាន់ៗរបស់រាជរដ្ឋាភិបាល រួមមាន៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិ នៃកម្ពុជា និងក្រសួងផែនការ ព្រមទាំងទីភ្នាក់ងារ និងដៃគូអភិវឌ្ឍន៍ដទៃទៀតរបស់អង្គការសហប្រជាជាតិ។ មុននឹងចូលរួមជាមួយ ការិយាល័យប្រចាំប្រទេសកម្ពុជា លោកបណ្ឌិត បានបម្រើការជាទីប្រឹក្សាប្រចាំតំបន់ស្តីពី ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅមជ្ឈមណ្ឌលប្រចាំតំបន់របស់អង្គការ UNDP នៅអាមេរិកឡាទីន និងការាបៀន ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០២០ ដែលគាំទ្រដល់ការិយាល័យប្រទេសក្នុងតំបន់លើការធ្វើសមាហរណកម្ម និងកំណើនរួមបញ្ចូលនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកបណ្ឌិតក៏បានធ្វើការជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងអភិវឌ្ឍន៍ទីក្រុងផងដែរ ហើយលោកបណ្ឌិតក៏ជានាយកផ្នែកវិភាគសេដ្ឋកិច្ច នៅក្រសួងទេសចរណ៍ក្នុងប្រទេសកំណើតរបស់លោកបណ្ឌិតនៅប្រទេស ម៉ិកស៊ិក។ លោកបណ្ឌិតគឺជាសេដ្ឋវិទូ…
-
ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការ នៃ អ.ក.ជ.ប.អ. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

«ផលជះនៃការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច លើជំនាញ និងផលិតភាព» (PDF) ឯកឧត្តម ប្រុញ សុភាណា គឺជាអ្នកជំនាញផ្នែកគោលនយោបាយសាធារណៈ និងសិក្សាស្រាវជ្រាវ ព្រមទាំង មានបទពិសោធន៍ក្នុង វិស័យអភិវឌ្ឍជំនាញ និងទីផ្សារការងារ។ ក្នុងឋានៈជា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមដឹកនាំការស្រាវជ្រាវប្រធានបទនានាអំពីប្រាក់ឈ្នួល ទីផ្សារការងារ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធ។ ឯកឧត្តមទទួលបានសញ្ញាបត្រអនុបណ្ឌិតចំនួនពីរគឺ ផ្នែកគោលនយោបាយសាធារណៈ និងការគ្រប់គ្រងការអភិវឌ្ឍ។ ប្រធានបទស្រាវជ្រាវ ជាស្នាដៃរបស់ឯកឧត្តម រួមមានដូចជា គោលនយោបាយទីផ្សារការងារសកម្ម និងនិន្នាការ ប្រាក់ឈ្នួលនៅកម្ពុជាជាដើម។ ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការសម្របសម្រួលគោលនយោបាយ និងការអភិវឌ្ឍជំនាញ ឯកឧត្តម បានចូលរួមចំណែកជាច្រើនក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននៅកម្ពុជា។
-
ឯកឧត្តមបណ្ឌិត ទ្រី សុផល ទីប្រឹក្សាអម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តមបណ្ឌិត ទ្រី សុផល បានទទួលបណ្ឌិតវិស្វកម្មពីសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុន ថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ ជាតិក្យុងប៊ុក សាធារណរដ្ឋកូរ៉េខាងត្បូង និងវិស្វករពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ មុនពេលចូលបម្រើការជាទីប្រឹក្សានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត បានធ្វើការជាអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យក្យូតូ រយៈពេលពីរឆ្នាំ និងនៅសាកលវិទ្យាល័យ បច្ចេកវិទ្យាណានយ៉ាង (NTU) ប្រទេសសិង្ហបុរីរយៈពេលមួយឆ្នាំ។ បន្ថែមពីលើប្រវត្តិស្រាវជ្រាវទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និង វិស្វកម្មគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ឯកឧត្តមបណ្ឌិតកំពុងស្រាវជ្រាវលើប្រធានបទស្តីពី មូលធនមនុស្ស, ទីផ្សារការងារ, បញ្ញាសិប្បនិមិត្ត, Machine learning និងការប្រើប្រាស់ទិន្នន័យផ្កាយរណបជាដើម។ ឯកឧត្តមបណ្ឌិត ក៏បានបោះពុម្ពអត្តបទស្រាវជ្រាវ ជាង ២០អត្ថបទ។
-
ឯកឧត្តម សុខន តារាពី នាយករងប្រតិបត្តិ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

ឯកឧត្តម សុខន តារាពី បច្ចុប្បន្នជាជំនួយការប្រធានគណៈកម្មការសុខាភិបាល កិច្ចការសង្គម អតីតយុទ្ធជន ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ មុនពេលចូលបម្រើការងារនៅមជ្ឈមណ្ឌលស៊ីឌីសុី ឯកឧត្តមបានបម្រើការជាអនុប្រធានទីមួយនៃសមាគមសាលាត្រាជូ ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៨។ ឯកឧត្តម បន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងដែនដី និង សហគ្រាស ដោយផ្តោតលើ “ទំនាក់ទំនងសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី” នៃសាកលវិទ្យាល័យ Rennes II និងសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ បន្ទាប់មក ឯកឧត្តមបានសិក្សាថ្នាក់អនុបណ្ឌិត ច្បាប់ពាណិជ្ជកម្មអន្តរជាតិ ពី សាកលវិទ្យាល័យ Westminster ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ក្រៅពីជំនាញខាងលើ ឯកឧត្តមចាប់អារម្មណ៍លើច្បាប់សាធារណៈ ស្ថាប័ននយោបាយ ទំនាក់ទំនងអន្តរជាតិ និងសេដ្ឋកិច្ចនយោបាយ។
-
លោក អ៊ុំ សុធា សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសេដ្ឋកិច្ចកម្ពុជា

លោក អ៊ុំ សុធា ជាទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់នៃកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលជាកម្មវិធីសហប្រតិបត្តិការទ្វេភាគីដ៏សំខាន់នៃរដ្ឋាភិបាលអូស្រ្តាលីសម្រាប់ប្រទេសកម្ពុជា។ លោកបណ្ឌិត ធ្លាប់ធ្វើជាទីប្រឹក្សានៅបណ្តាអង្គការជាតិ និងអន្តរជាតិនានា ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (World Bank) និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជាដើម។ លោកបណ្ឌិតក៏ធ្លាប់បង្រៀន និងស្រាវជ្រាវនៅបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា សិង្ហបុរី អូស្រ្តាលី និងកោះហ្វីជី បន្ទាប់ពីបានបម្រើការ ៦ឆ្នាំជាសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា (ERIA) ទីក្រុងហ្សាការតា ប្រទេសឥណ្តូនេស៊ី។ លោកបណ្ឌិតទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Monash ប្រទេសអូស្ត្រាលី និងអនុបណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Kobe ប្រទេសជប៉ុន។
